ព័ត៌មានអន្តរជាតិ

ប្រទេស ស៊ុយអែត កំពុងពិចារណាផលិតសព្វាវុធ ឱ្យអ៊ុយក្រែន

បរទេស៖ ប្រទេសស៊ុយអែត អាចចាប់ផ្តើមផលិតសព្វាវុធសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងការវាយលុកយោធារបស់រុស្ស៊ី ប៉ុន្តែមិនមានការសម្រេចចិត្តចុងក្រោយលើបញ្ហានេះត្រូវបានធ្វើឡើងនោះទេ នេះបើតាមរដ្ឋមន្ត្រីការពារជាតិស៊ុយអែត Peter Hultqvist បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ស៊ុយអែត SVT លោក Hultqvist បានពិពណ៌នាអំពីគម្រោងសំខាន់ៗចំនួន៣ក្នុងគោលបំណងជួយអ៊ុយក្រែន ដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទ ម្ចាស់ជំនួយអន្តរជាតិនៅទីក្រុង Copenhagen កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិមកពី១៧ប្រទេស។

យោងតាមលោក Hultqvist បណ្តាប្រទេសលោកខាងលិចកំពុងប្រឈមមុខ នឹងជម្លោះរយៈពេលវែងនៅអ៊ុយក្រែន ហើយត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសនេះជាមួយនឹងការបណ្តុះបណ្តាលយោធា ការបោសសម្អាតមីន និងការផលិតអាវុធ។ ព្រឹត្តិការណ៍ម្ចាស់ជំនួយ ក៏បានឃើញរដ្ឋមន្ត្រីការពារជាតិយល់ព្រមបែងចែកបន្ថែម នូវទឹកប្រាក់ចំនួន១,៥ពាន់លានអឺរ៉ូ (១,៥៤ពាន់លានដុល្លារ) សម្រាប់ជំនួយយោធាដល់ទីក្រុងគៀវ។

លោករដ្ឋមន្ត្រីក៏បានទទូចថា ប្រជាជនអ៊ុយក្រែនគួរតែត្រូវបានបណ្តុះបណ្តាលដើម្បី បោសសម្អាតមីនដែលដាក់ដោយកងកម្លាំងរុស្ស៊ី ដែលជា “បញ្ហាធំ” ។

លោក Hultqvist ក៏បានស្នើផងដែរថា ខ្សែសង្វាក់ផលិតកម្មអាវុធ ជាចម្បងប្រព័ន្ធកាំភ្លើងធំ អាចត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសផ្សេងៗ ដូច្នេះពួកគេអាច “ផលិតអាវុធ និងបញ្ជូនវាទៅអ៊ុយក្រែនដោយផ្ទាល់”។ លោកក៏បានកត់សម្គាល់ថា ប្រទេស ស្លូវ៉ាគី ប៉ូឡូញ និងសាធារណរដ្ឋឆេក បាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម៕

ប្រែសម្រួលៈ ណៃ តុលា

To Top