ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ Mi-28NM របស់រុស្ស៊ី ត្រូវបានបំពាក់ដោយកាំជ្រួចនាំផ្លូវ

ម៉ូស្គូ៖ ប្រភពព័ត៌មានពី RIA Novosti បានរាយការណ៍ថា ឧទ្ធម្ភាគចក្រវាយប្រហារ របស់រុស្ស៊ីដែលបច្ចុប្បន្នកំពុង ផលិតគឺធុន Mi-28NM នឹងត្រូវបានបំពាក់ ដោយកាំជ្រួចនាំផ្លូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Siamtoo ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានបន្ថែមថា កាំជ្រួចទាំងបួនរបស់យន្តហោះនេះ នឹងមានរយៈចម្ងាយអតិបរមា ១០០គីឡូម៉ែត្រ (៦២ម៉ាយ) ដែលបង្កើនសមត្ថភាព របស់វាក្នុងការវាយលុកគោលដៅ បានយ៉ាងត្រឹមត្រូវ ។

ប្រភពមួយបានសរសេរថា “គ្មានឧទ្ធម្ភាគចក្រណាផ្សេងទៀត នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានកាំជ្រួចនាំផ្លូវ ដែលមានរយៈចម្ងាយ និងថាមពលដូចអាវុធស្តង់ដារ ខាងលើនេះ នោះទេ” ។

យន្តហោះនេះគឺជាការធ្វើឱ្យប្រសើរឡើងនៅលើយន្ដហោះធុន Mi-28N ដែលជាអាវុធរបស់ឧទ្ធម្ភាគចក្រ ដែលកំពុងបម្រើការជាមួយយោធារុស្ស៊ី។

សារព័ត៌មាន TASS បានឲ្យដឹងនៅក្នុងរបាយការណ៍មុននេះថា ក្នុងចំណោមការធ្វើឱ្យប្រសើរឡើងផ្សេងទៀត យន្តហោះធុន Mi-28NM នឹងមានលើសពីជំនាន់មុនរបស់វា គឺសមត្ថភាពក្នុងការបាញ់បង្ហោះដ្រូន ខ្នាតតូចពីបំពង់បាញ់បង្ហោះ កាំជ្រួចម៉ូឌុលរបស់វា ។

លោក Vitaly Shcherbina ប្រធានអ្នករចនាកម្មវិធីឧទ្ធម្ភាគចក្រ ប្រយុទ្ធនៅមជ្ឈមណ្ឌល ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានថ្លែងទៅកាន់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ីថា “នៅពេលដែលគោលដៅ របស់សត្រូវត្រូវបានរកឃើញ ក្រុមនាវិកឧទ្ធម្ភាគចក្រចេញ ទិន្នន័យកំណត់គោលដៅ និងតាមដានការបំផ្លាញគោលដៅ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top