ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន អំពាវនាវឱ្យការពារជាបន្ទាន់ នូវដំណោះស្រាយរដ្ឋពីរ

រ៉ាម៉ាឡា៖ ការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពភ្លាមៗ ដើម្បីការពារដំណោះស្រាយរដ្ឋពីរ។

លោក Ishtaye បានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយរដ្ឋមន្ត្រីក្រសួង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ របស់ប្រទេសលុចសំបួ លោក Franz Fayot នៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។

ក្នុងជំនួបនោះ លោក Ishtaye បានសរសើរជំហររឹងមាំ របស់ប្រទេសលុចសំបួ ចំពោះដំណោះស្រាយរដ្ឋពីរ និងការគោរពច្បាប់អន្តរជាតិ និងភាពស្របច្បាប់ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

លោកបានអំពាវនាវឱ្យលុចសំបួ បើកការិយាល័យការទូតតំណាង នៅប៉ាឡេស្ទីនដែលនឹងរួមចំណែក ដល់កិច្ចសហប្រតិបត្តិការ ក្នុងកម្រិតខ្ពស់បំផុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សម្រាប់ផ្នែករបស់លោក Fayot បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសរបស់លោក បានអនុម័តការគាំទ្រផ្នែកហិរញ្ញវត្ថុថ្មី សម្រាប់ UNRWA ដែលមានតម្លៃ ១២,៣លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ។

លោក Fayot បានបន្ថែមថា ការគាំទ្ររបស់លុចសំបួស ម្រាប់គម្រោងអភិវឌ្ឍន៍នៅប៉ាឡេស្ទីនមានចំនួន ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលត្រូវបានចែកចាយ លើវិស័យសុខាភិបាល អប់រំ កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top