ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្តេជ្ញាប្រឹងប្រែងការពារអាមេរិក ក្នុងខួបលើកទី២១ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានប្រារព្ធខួបលើកទី២1 នៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីការប្តេជ្ញាចិត្ត របស់លោកក្នុងការបន្ត ការពារប្រទេសប្រឆាំងនឹង អំពើភេរវកម្មបន្ទាប់ពីការ ដកសហរដ្ឋអាមេរិកចេញ ពីអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន។

លោក បៃដិន បានឲ្យដឹងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលធ្វើឡើងនៅមន្ទីរបញ្ចកោណ ចំពេលមានភ្លៀងធ្លាក់ថា “ហើយ ២០ ឆ្នាំបន្ទាប់ពីអាហ្វហ្គានីស្ថានបានបញ្ចប់ ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើង ក្នុងការទប់ស្កាត់ការវាយប្រហារ មួយផ្សេងទៀតលើសហរដ្ឋអាមេរិក គឺគ្មានទីបញ្ចប់” ហើយព្រឹត្តិការណ៍ ដើម្បី ផ្តល់ កិត្តិយស ដល់ ជនរងគ្រោះ ក៏ ត្រូវ បាន ប្រារព្ធ ធ្វើ នៅ ទីក្រុង ញូវយ៉ក និង កន្លែង ផ្សេង ទៀត។

មេខ្លោងនៅពីក្រោយ ការវាយប្រហារភេរវកម្ម មេដឹកនាំអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដិន ត្រូវបានសម្លាប់ដោយយោធាអាមេរិក ក្នុងឆ្នាំ២០១១។ អ្នកស្នងតំណែងរបស់លោក គឺលោក Ayman al-Zawahri ដែលជាអ្នករៀបចំផែនការ សំខាន់នៃការវាយប្រហារនេះ ត្រូវបានដកចេញនៅក្នុងការ វាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិកកាលពីចុងខែកក្កដា ឆ្នាំនេះ នៅអាហ្វហ្គានីស្ថាន។

លោក បៃដិន បានលើកឡើងថា “យើងនឹងមិនសម្រាកនោះទេ។ យើងនឹងមិនភ្លេចនោះទេ។ យើងនឹងមិនបោះបង់នោះទេ យើងនឹងបន្តតាមដាន និងរំខានដល់សកម្មភាពភេរវករទាំងនោះ គ្រប់ទីកន្លែងដែលយើងរកឃើញ គ្រប់ទីកន្លែង ដែលពួកគេមានវត្ដមាន”។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ភេរវករមកពីក្រុមជ្រុលនិយមអ៊ីស្លាម អាល់កៃដា បានប្លន់យន្តហោះពាណិជ្ជកម្មចំនួន ៤គ្រឿង ដោយចេតនា ហើយបានបើកយន្តហោះពីរគ្រឿង បំបុកចូលទៅក្នុងអគារភ្លោះនៃ អគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក និងយន្តហោះទី៣ ចូលទៅក្នុង មន្ទីរបញ្ចកោណក្នុងរដ្ឋ Virginia ជិតរដ្ឋធានីសហរដ្ឋអាមេរិក។

យន្តហោះទី៤ បានធ្លាក់នៅវាលស្រែទទេមួយក្នុងរដ្ឋ Pennsylvania ប្រហែល ២០នាទី តាមអាកាសពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកដំណើរ និងសមាជិកនាវិកចំនួន ៤០នាក់ នៅលើយន្តហោះបានទប់ទល់ នឹងក្រុមចោរប្លន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top