ព័ត៌មានអន្តរជាតិ

បទវិភាគ៖ តើអាមេរិក ដែលបានអនុវត្ត អនុត្តរភាពក្នុងរយៈពេលយូរ អាចទទួលបានការជឿទុកចិត្ត ពីអ្នកផ្សេងតាមរបៀបណា ?

ក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ”ហៅកាត់PBP ។

ក្នុងកិច្ចប្រជុំលើកនេះ លោកបានអះអាងថា អាមេរិក នឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីអភិវឌ្ឍតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ព្រមនិងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះជាការត្រៀមរៀបចំសម្រាប់ “កិច្ចប្រជុំកំពូលរវាងអាមេរិកនិងប្រទេសប្រជុំកោះ មហាសមុទ្រប៉ាស៊ីហ្វិក”លើកដំបូងដែលនឹងបើកធ្វើនៅក្រុងវ៉ាស៊ីនតោន នៅចុងខែកញ្ញាខាងមុខនេះ ។

អ្វីដែលហៅថា “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ” បានបង្កើតឡើងនៅខែមិថុនា ឆ្នាំនេះ ប្រទេសស្ថាបនិកមាន៥ គឺអាមេរិក អង់គ្លេស អូស្តា្រលី ជប៉ុននិងនូវែលសេឡង់ ឥណ្ឌាជាប្រទេសអ្នកសង្កេតការណ៍ ។ ពិតមែនតែអង្គការមួយនេះ បានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសប្រជុំកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិកលើវិស័យបម្រែបម្រួលអាកាសធាតុ សន្តិសុខលើសមុទ្រ និងសុខាភិបាលជាដើម ប៉ុន្តែគោលដៅពិតប្រាកដមិនតែប៉ុន្នឹងទេ ។

ប្រព័ន្ធសារព័ត៌មានអាមេរិក បានលើកឡើងថា គោលដៅរបស់PBP គឺទប់ស្កាត់កម្លាំងឥទ្ធិពលរបស់ចិន ដែលមានភាពកាន់តែខ្លាំងឡើងៗនៅតំបន់ខាងត្បូង នៃមហាសមុទ្រប៉ាស៊ីហ្វិក ។

មជ្ឈដ្ឋានខាងក្រៅ បានកត់សម្គាល់ឃើញថា មិនត្រឹមតែ PBP ប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក អាមេរិក បានធ្វើកិច្ចការទូតយ៉ាងមមាញឹកជាមួយប្រទេស ប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្នុងផែនទីភូមិសាស្ត្រនយោបាយ របស់អាមេរិក តំបន់ខាងត្បូង នៃមហាសមុទ្រប៉ាស៊ីហ្វិក មិនបានទទួលការយកចិត្តទុកដាក់ ក្នុងរយៈពេលយូរ ហេតុអ្វីបានជាបច្ចុប្បន្ននេះ បានក្លាយជាតំបន់ចំណុចក្តៅ ? មតិយោបល់របស់លោក Steve Chabot គឺកិច្ចព្រមព្រៀង ស្តីពីសន្តិសុខទ្វេភាគី ដែលចិននិងប្រជុំកោះ Solomon បានចុះហត្ថលេខា នៅដើមឆ្នាំនេះ ធ្វើឱ្យអាមេរិក ទទួលអារម្មណ៍ពី “ភាពជាបន្ទាន់”យ៉ាងខ្លាំង ដូច្នេះត្រូវចាត់វិធានការតបតវិញ ។ អាចឃើញថា អាមេរិកផ្តល់ផលប្រយោជន៍ ដល់ប្រទេសប្រជុំកោះ មហាសមុទ្រប៉ាស៊ីហ្វិក គឺស្ថិតនៅមូលដ្ឋាន ធ្វើការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រ រីឯគោលបំណងពិតប្រាកដ គឺធ្វើការបដិបក្ខគ្នា ។

ក្រៅពីនេះ គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិក ក៏មិនបានសងបំណុល របស់ប្រទេសប្រជុំកោះ មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងប្រវត្តិសាស្ត្រវិញនៅឡើយទេ ។ បន្ទាប់ពីបញ្ចប់សង្រ្គាមលោកលើកទីពីរ អាមេរិក និងអង់គ្លេស ធ្លាប់សាងសង់ទីកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅទីនេះ ដែលបាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពរបស់ប្រជាជន ក្នុងតំបន់ ។ ប៉ុន្តែ អាមេរិកនិងអង់គ្លេស មិនដែលសុំទោស និងសងថ្លៃជំងឺចិត្តពីឧក្រិដ្ឋកម្មរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ដោយសារកាន់អាកប្បកិរិយាអាណានិគម និងចាត់ទុកប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក ជាក្របខ័ណ្ឌអំណាចនិងទីធ្លាខាងក្រោយរបស់ខ្លួន ដូច្នេះ អាមេរិក និងអង់គ្លេស ច្បាស់ជាមិនអនុញ្ញាតឱ្យប្រទេសទាំងនេះ ធ្វើការប្រាស្រ័យទាក់ទងជាប្រក្រតី ជាមួយប្រទេសផ្សេងទៀត ដោយម្ចាស់ការទេ ។ តើប្រទេសដែលបានអនុវត្ត អនុត្តរភាព ក្នុងរយៈពេលយូរអាចទទួលបានការជឿទុកចិត្ត ពីអ្នកផ្សេងតាមរបៀបណា ?

និយាយចំពោះប្រទេសប្រជុំកោះ មហាសមុទ្រប៉ាស៊ីហ្វិក ភារកិច្ចជាបន្ទាន់ គឺទប់ទល់នឹងការប្រឈម ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងការរីករាលដាល នៃជំងឺកូវីដ១៩ ។ បើសិនជាអាមេរិក ពិតជាធ្វើតាមពាក្យសំដីរបស់ខ្លួន ដែលថា ចង់ជួយប្រទេសប្រជុំកោះ មហាសមុទ្រប៉ាស៊ីហ្វិក ទទួលការអភិវឌ្ឍ នោះគួរតែអនុវត្ត តាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការ ដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ជាមួយប្រទេសប្រជុំកោះទាំងនេះ ព្រមនិងគោរពសិទ្ធិ របស់ប្រទេសប្រជុំកោះក្នុងការប្រាស្រ័យទាក់ទង ជាមួយក្រៅប្រទេសដោយម្ចាស់ការ តែមិនមែនគិតតែកលល្បិច ផ្នែកភូមិសាស្ត្រនយោបាយ និងអមល័ក្ខខ័ណ្ឌនយោបាយ គ្រប់បែបយ៉ាងនោះឡើយ ៕

To Top