ព័ត៌មានអន្តរជាតិ

ស៊ុយអែត ចាប់ផ្ដើម នាំចេញអាវុធ ទៅកាន់តួកគីជាថ្មី

ស្ដុកហូម ៖ ក្រុមហ៊ុនស៊ុយអែត បានទទួលការ អនុញ្ញាតឱ្យនាំចេញ សម្រាប់ការលក់ឧបករណ៍យោធា ទៅឱ្យតួកគី ដែលជាអធិការកិច្ច នៃផលិតផលយុទ្ធសាស្ត្រ របស់ប្រទេស (ISP) បានប្រកាស កាលពីថ្ងៃសុក្រម្សិលមិញនេះ ។

ការផ្តល់លិខិតអនុញ្ញាតនាំចេញ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងរបស់ប្រទេសស៊ុយអែត ជាមួយតួកគី ក្នុងការចរចា របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ។

ការអនុញ្ញាតនេះអនុវត្ត ចំពោះផលិតផលទាំងអស់ ដែលរងផលប៉ះពាល់ដោយច្បាប់នាំចេញអាវុធ ដែលរួមមានឧបករណ៍ អេឡិចត្រូនិក កម្មវិធី និងជំនួយបច្ចេកទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រាល់ការដឹកជញ្ជូនផលិតផលយោធា ទៅកាន់ទីក្រុងអង់ការ៉ា ត្រូវបានផ្អាកនៅឆ្នាំ២០១៩ ដោយសារតែប្រតិបត្តិការយោធា របស់ខ្លួនប្រឆាំងនឹងអង្គភាពការពារ ប្រជាជនឃឺដ (YPG) របស់ប្រទេសស៊ីរី ដែលតួកគី ចាត់ទុកថាជាក្រុមភេរវករ។

ប្រទេសស៊ុយអែត រួមជាមួយហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិក ណាតូ នៅពាក់កណ្តាលខែឧសភា។ តួកគី ដែលជាសមាជិក នៃសម្ព័ន្ធភាពយោធារួចហើយ បានជំទាស់នឹងទំនាក់ទំនងស៊ុយអែត និង ហ្វាំងឡង់ ជាមួយគណបក្សពលករឃឺដ (PKK) និង YPG របស់ស៊ីរី។ ទីក្រុងអង់ការ៉ា ក៏បានសម្តែងការមិនពេញចិត្ត ចំពោះការដាក់ទណ្ឌកម្មអាវុធ របស់ស៊ុយអែតប្រឆាំងនឹងតួកគីផងដែរ។

នៅក្នុងនោះដែរតួកគី និងហុងគ្រី គឺជាប្រទេសពីរ ដែលនៅសេសសល់ក្នុងចំណោមរដ្ឋសមាជិកទាំង ៣០ របស់ណាតូ ដែលមិនទាន់បានអនុម័ត ជាផ្លូវការនូវការដេញថ្លៃ របស់ស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top