បរទេស៖ កាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនបានបង្ហាញមីស៊ីលល្បឿនលឿនជាងសំឡេងប្រឆាំងនាវាចុងក្រោយបំផុតរបស់ខ្លួន ដែលជាកំណែនៃ YJ-21 ដល់សាធារណជនជាលើកដំបូងនៅក្នុងកម្មវិធីបង្ហាញមួយកាលពីថ្ងៃអង្គារ។ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាកោះតៃវ៉ាន់ ការលាតត្រដាងនៃមីស៊ីលនេះត្រូវបានគេមើលឃើញថាជាសារមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតដែលមានមូលដ្ឋាននៅហុងកុងបានរាយការណ៍ថា មីស៊ីលចំនួនពីរដែលមានឈ្មោះ ‘2PZD-21’ ត្រូវបានគេឃើញនៅក្រោមស្លាបរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Xian H-6K នៅឯការបើកកម្មវិធី Airshow China នៅទីក្រុងឆ្នេរសមុទ្រ Zhuhai ។ មីស៊ីល YJ-21 ត្រូវបានគេមើលឃើញពីមុននៅក្នុងវីដេអូដែលត្រូវបានបាញ់សាកល្បងពីនាវាពិឃាតកងទ័ពជើងទឹករំដោះប្រជាជនចិននៅក្នុងខែមេសា ខណៈដែល USS Abraham Lincoln បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយប្រទេសជប៉ុននៅជិតឧបទ្វីបកូរ៉េ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានណែនាំថា មីស៊ីលដែលបានប្រទះឃើញជាច្រើនថ្ងៃមុននេះ តាមពិតគឺជាប្រភេទ CM-401 ពីមុនត្រូវបានគេស្គាល់ថាជា កាំជ្រួចមីស៊ីលលឿនជាងសំឡេង ឬបាញ់បង្ហោះពីកប៉ាល់ ដែលមានរយៈចម្ងាយខ្លីជាង ៣០០គីឡូម៉ែត្រ។
ជាមួយនឹងការបង្ហាញផ្នែកអាកាសនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន និងកោះតៃវ៉ាន់បានធ្វើសមយុទ្ធយោធាប្រកួតប្រជែង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងខែសីហា ដោយការបង្ហាញកាំជ្រួចនេះគឺជាការប៉ុនប៉ងមួយដើម្បី “ព្រមានសហរដ្ឋអាមេរិកកុំឱ្យធ្វើអន្តរាគមន៍ក្នុងផែនការរបស់ទីក្រុងប៉េកាំងក្នុងការដណ្តើមយកកោះតៃវ៉ាន់មកវិញដោយកម្លាំង ព្រោះគ្មានប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើសមុទ្ររបស់អាមេរិក មិនអាចស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេងបានទេ” នេះបើតាមអ្នកវិភាគការពារជាតិ Andrei Chang បានប្រាប់កាសែតនេះ៕
សម្រួលៈ ណៃ តុលា