ព័ត៌មានអន្តរជាតិ

ស៊ុយអែត ប្ដេជ្ញាបំពេញតាមតម្រូវការ របស់តួកគី ដើម្បីចូលជាសមាជិកណាតូ

ស្ដុកហូម៖ នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានសន្យាថានឹងបំពេញតាមការទាមទារសន្តិសុខតួកគី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការយល់ព្រមពីតួកគី ចំពោះការដេញថ្លៃរបស់ប្រទេសរបស់លោក ដើម្បីចូលរួមជាមួយអង្គការណាតូ។

លោក Kristersson បានឲុយដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក្នុងរដ្ឋធានីអង់ការ៉ាថា “យើងនឹងអនុវត្តយ៉ាងពេញលេញនូវអនុស្សរណៈត្រីភាគី” ។

លោកបានបន្ថែមថា “ស៊ុយអែតនឹងចាត់វិធានការសំខាន់ៗទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំស៊ុយអែត បានកត់សម្គាល់ថា ប្រទេសស៊ុយអែតគ្រោងនឹងដាក់ចេញច្បាប់ថ្មីនៅឆ្នាំ២០២៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ មិនថាពួកគេបង្កហានិភ័យដល់ប្រទេសស៊ុយអែត ឬតួកគី នោះទេ។

ផ្ទាំងពាណិជ្ជកម្ម

លោក Kristersson បានលើកឡើងថា ប្រទេសរបស់គាត់បានកំណត់គណបក្សពលករឃឺដ (PKK) ដែលនៅក្រៅច្បាប់ជាអង្គការភេរវករ ហើយរដ្ឋាភិបាលរបស់គាត់មានឆន្ទៈក្នុងការគាំទ្រតួកគី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមនេះ។

លោកបានបន្ថែមថា “ការចូលរួមក្នុងសម្ព័ន្ធភាពនេះគឺជាបញ្ហាសន្តិសុខដ៏សំខាន់មួយសម្រាប់ពួកយើង។ ការក្លាយជាសមាជិកណាតូ មានន័យថាការទទួលយកសន្តិសុខ ការទទួលខុសត្រូវសម្រាប់សម្ព័ន្ធមិត្តផ្សេងទៀត” ។

គួរបញ្ជាក់ថា លោក Kristersson បានជួបពិភាក្សាជាមួយលោក Erdogan កាលពីថ្ងៃអង្គារក្នុងគោលបំណងបញ្ចុះបញ្ចូលមេដឹកនាំតួកគីឱ្យយល់ព្រមលើការដេញថ្លៃរបស់ប្រទេសស៊ុយអែតដើម្បីចូលរួមជាមួយអង្គការណាតូ៕ប្រែសម្រួល ឈូក បូរ៉ា

To Top