ព័ត៌មានអន្តរជាតិ

EU ដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់ និងកងទ័ពក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន១៩រូប 

ប៊្រុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុប ហៅកាត់ថា EU បានដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលការកាន់កាប់ដោយយោធាកាលពីឆ្នាំមុនបានកំណត់អំពើហិង្សាដែលគំរាមកំហែងដល់អស្ថិរភាពផ្នែកផ្សេងទៀតនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

សហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិរបស់មនុស្សចំនួន១៩នាក់ រួមទាំងរដ្ឋមន្ត្រីវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស លោក Kan Zaw និងប្រធានយុត្តិធម៌នៅតុលាការកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា មេទ័ពកំពូល និងពាណិជ្ជករដែលមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធ ហើយបានហាមប្រាមពួកគេពីការធ្វើដំណើរក្នុងទ្វីបអឺរ៉ុបទៀតផង ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ ប្លុក២៧ប្រទេសក៏បានបង្កកទ្រព្យសម្បត្តិនៅអឺរ៉ុបនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ាផងដែរ ។ ទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សារដ្ឋបាល ហៅកាត់ថា SAC ដែលបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋប្រហារយោធា “ទទួលខុសត្រូវចំពោះគោលនយោបាយ និងសកម្មភាពដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ” ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ខ្លួននៅក្រោមការគ្រប់គ្រងយោធាដ៏តឹងរ៉ឹងអស់រយៈពេល៥ទសវត្សរ៍ ដែលនាំទៅដល់ភាពឯកោពីអន្តរជាតិ និងការដាក់ទណ្ឌកម្មជាច្រើន ។ នៅគ្រាដែលឧត្តមសេនីយបានបន្ធូរបន្ថយការក្តាប់អំណាចរបស់ពួកគេ លោកស្រី អ៊ុងសាន ស៊ូជី បានក្លាយជាមេដឹកនាំនៅក្នុងការបោះឆ្នោតឆ្នាំ២០១៥ ហើយសហគមន៍អន្តរជាតិ បានបន្ធូរបន្ថយទណ្ឌកម្មភាគច្រើន និងបង្កើនការវិនិយោគនៅក្នុងប្រទេសនេះ៕

To Top