ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ុយក្រែន-រុស្សី៖ អាមេរិកព្យាករណ៍ថា ជនស៊ីវិលអ៊ុយក្រែន ៤ម៉ឺននាក់ និងយោធាសងខាង ២០ម៉ឺននាក់ ដែលបាត់បង់ជីវិត

បរទេស៖ យោងតាមការលើកឡើង របស់មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេសបានឲ្យដឹងថា ក្រោយការប្រកាសចាកចេញរបស់រុស្សី ពីតំបន់ទីក្រុង Kherson ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែននោះ និងរដូវរងារដ៏ធំនឹងឈានចូលមកដល់ផងនឹងជួយឱ្យលទ្ធភាព នៃការចរចាគ្នាដើម្បីសន្តិភាព នឹងអាចកើតមានឡើងជាមិនខាន។

ទោះបីជាយ៉ាងណាក្តីមេបញ្ជាការរូបនេះ ក៏បានធ្វើការព្យាករណ៍ដែរថា សម្រាប់ចំនួននៃអ្នកបាត់បង់ជីវិត នៅក្នុងសង្គ្រាមដែលបានអូសបន្លាយ រយៈពេល៩ខែមកនេះ គឺមានទៅដល់ជាង២៤ម៉ឺននាក់នេះ ដោយគិតត្រឹមតែជនស៊ីវិលអ៊ុយក្រែន ៤ម៉ឺននាក់ យោធារុស្សីប្រមាណជា១០ម៉ឺននាក់ និងយោធាអ៊ុយក្រែន ប្រមាណជា១០ម៉ឺននាក់ដូចគ្នា។

ចុងក្រោយនេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ច្បាស់សាជាថ្មីហើយថា លក្ខខណ្ឌដើម្បីចរចាគ្នាឡើងវិញ គឺទាមទារឲ្យរុស្សី ប្រគល់ដែនដីរបស់អ៊ុយក្រែនទាំងអស់ ដែលបានកាន់កាប់មកឲ្យអ៊ុយក្រែនវិញ ព្រមទាំងធ្វើសំណងចំពោះការខូចខាត និងការបាត់បង់ដោយសារសង្គ្រាម និងជាពិសេសប្រឈមមុខ ទៅនឹងទោសឧក្រិដ្ឋកម្មសង្គ្រាមផងដែរ៕​ ប្រែសម្រួល៖ស៊ុនលី

To Top