ព័ត៌មានអន្តរជាតិ

GDP របស់អ៊ុយក្រែន ធ្លាក់ចុះ ៣៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែតុលា

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់ម្នាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ៣៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែតុលា បន្ទាប់ពីបានធ្លាក់ចុះ ៣៥ ភាគរយកាលពីខែមុន។

លោកស្រី Yulia Svyrydenko ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន គឺនៅពីក្រោយការបង្កើនល្បឿន នៃការធ្លាក់ចុះសេដ្ឋកិច្ចកាលពីខែមុន។

 លោកស្រី Svyrydenko បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា នៅក្នុងខែមករា ដល់ខែកញ្ញាឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប GDP របស់អ៊ុយក្រែន បានធ្លាក់ចុះ ៣០ភាគរយ។

 លោកស្រី​បាន​បន្ថែមថា ប្រសិនបើ​ការវាយប្រហារ​ដែល​បណ្តាល​ឲ្យ​មានការ​ដាច់​ចរន្តអគ្គិសនី ​ទ្រង់ទ្រាយ​ធំ​ នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ត សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​អាច​នឹង​មានការ​ធ្លាក់ចុះ​កាន់តែខ្លាំង​នៅ​ចុងឆ្នាំ​នេះ​។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល សេវាស្ថិតិរដ្ឋបានឲ្យដឹងថា អតិផរណានៅអ៊ុយក្រែន បានកើនឡើងដល់ ២៦,៦ភាគរយកាលពីខែមុន លើមូលដ្ឋានប្រចាំឆ្នាំ នេះក៏ដោយសារតែសង្គ្រាមអូសបន្លាយ ជាមួយប្រទេសរុស្ស៊ីផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top