ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក សរសើរកងកម្លាំងប្រដាប់អាវុធ និងសព្វាវុធរបស់រុស្ស៊ី ប៉ុន្តែថាទីក្រុងម៉ូស្គូ នៅតែមិនអាចឈ្នះសង្គ្រាមអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសរសើរកងកម្លាំងប្រដាប់អាវុធ និងសព្វាវុធរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបន្ថែមថា ទោះជាយ៉ាងណា យោធាបែបនេះ ប្រហែលជាមិនអាចផ្តល់លទ្ធភាព ឱ្យទីក្រុងម៉ូស្គូ ទទួលបានជ័យជំនះ ក្នុងជម្លោះអ៊ុយក្រែននោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានអះអាងដោយនិយាយនៅឯវេទិកាសន្តិសុខអន្តរជាតិ Halifax ក្នុងប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ថា “អ្នកដឹងទេ រុស្ស៊ីមានយោធាដ៏ធំ និងសព្វាវុធ ដ៏គួរឱ្យចាប់អារម្មណ៍” ប៉ុន្តែនេះ “មិនបានជួយពួកគេឱ្យឈ្នះ នៅក្នុងយុទ្ធនាការ ដណ្តើមយកជ័យជំនះ និងឃោរឃៅនោះទេ” ។

យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ គឺ “វានិយាយអំពីបុព្វហេតុ” ក៏ដូចជា “អ្នកដែលប្រយុទ្ធដើម្បីវា” ។

រដ្ឋមន្ដ្រីការពារជាត់លោក Lloyd Austin បានបន្តសរសើរប្រធានាធិបតី Joe Biden សម្រាប់ការប្រមូលផ្តុំ “ប្រជាជាតិនៃសុច្ឆន្ទៈ” ប្រឆាំងនឹងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការ “គូសព្រំដែនឡើងវិញដោយកម្លាំង” ។

លោក Austin ក៏បាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងឈរក្បែរ អ៊ុយក្រែន ដរាបណាជម្លោះ នៅតែបន្តដោយទទូចថា លទ្ធផលនឹង “កំណត់ដំណើរនៃសន្តិសុខពិភពលោក ក្នុងសតវត្សទីវ័យក្មេងនេះ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top