ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា ខ្មោចសហភាពសូវៀត នៅតែតាមលងបន្លាច ក្រុងវ៉ាស៊ីនតោន

បរទេស ៖ ការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន គឺត្រូវបានជំរុញដោយបំណងប្រាថ្នា ក្នុងសម័យសង្រ្គាមត្រជាក់ ក្នុងការធ្វើឱ្យរុស្ស៊ីចុះខ្សោយ និងធ្វើឱ្យអឺរ៉ុប ក្លាយជាអ្នកក្រោមបង្គាប់របស់ខ្លួន, នេះបើតាមឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវ៉ាស៊ីនតោន លោក Anatoly Antonov បានប្រាប់ Newsweek កាលពីថ្ងៃសៅរ៍ ។ ទោះជាយ៉ាងណាក៏ដោយ លោក Anatoly Antonov មើលឃើញថា “ពិភពពហុប៉ូឡា” ថ្មីនឹងលេចឡើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ ទស្សនាវដ្ដីអាមេរិក Newsweek មួយសប្តាហ៍បន្ទាប់ ពីមន្ទីរបញ្ចកោណ បានប្រកាសកញ្ចប់ សព្វាវុធថ្មីចំនួន ២៧៥ លានដុល្លារ សម្រាប់អ៊ុយក្រែន លោក Antonov បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន “ហាក់ដូចជាចាំបាច់ត្រូវអះអាង ខ្លួនឯងជានិច្ច តាមរយៈការប្រកួតប្រជែងជាមួយរុស្ស៊ី” ។

លោកថា យុទ្ធសាស្ត្រការពារជាតិថ្មីបំផុត របស់មន្ទីរបញ្ចកោណពណ៌នាអំពីប្រទេសរុស្ស៊ីថាជា “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ចំពោះផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ហើយផ្តល់អាណត្តិ ឱ្យយោធាអាមេរិកបំពាក់អាវុធដើម្បី “យកឈ្នះក្នុងជម្លោះ” ប្រឆាំងនឹងទីក្រុងម៉ូស្គូ “ប្រសិនបើការរារាំងបរាជ័យ” ។

លោក Antonov បានប្រាប់ Newsweek ថា “វាហាក់ដូចជា “ខ្មោច” នៃសហភាពសូវៀត នៅតែលងបន្លាចច្រករបៀង នៃអំណាចនៅក្នុងរដ្ឋធានី របស់អាមេរិក ហើយសង្រ្គាមត្រជាក់ មិនបានបញ្ចប់ទាល់តែសោះ ។ “អ្នកនយោបាយជាច្រើន នៅទីនេះនៅតែគិត និងធ្វើសកម្មភាពតាមច្បាប់ នៃសម័យប្រវត្តិសាស្ត្រនោះ ។ ពួកគេជឿថា ការស្ដារកិត្យានុភាពអន្តរជាតិរបស់រុស្ស៊ី ជាមួយនឹងការចូល កាន់អំណាចរបស់ វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសរបស់យើង បានក្លាយទៅជាការឈឺក្បាល សម្រាប់ទីក្រុងវ៉ាស៊ីនតោន ៕

To Top