ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីកោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានបក្សកាន់អំណាចថ្មី ដែលគ្រោងឲ្យឈរឈ្មោះបោះឆ្នោត សម្រាប់តំណែងប្រធានាធិបតីនៅដើមឆ្នាំក្រោយ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា លោក William Lai អនុប្រធានាធិបតីកោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានថ្មីនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ហៅកាត់ (DPP) ដែលកំពុងកាន់អំណាចកាលពីថ្ងៃអាទិត្យ (១៥ មករា) ដោយកំណត់ដំណាក់កាលឱ្យគាត់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំក្រោយ ។ គួរបញ្ជាក់ថា លោក Lai គឺជាបេក្ខភាពតែម្នាក់គត់ដែលកាន់តំណែងជាប្រធាន DPP ។ ប្រធានាធិបតី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានគណបក្សនៅក្នុងខែវិច្ឆិកា បន្ទាប់ពី DPP ត្រូវបានទម្លាក់នៅក្នុងការបោះឆ្នោតក្នុងស្រុក ។

លោក Lai មិនបានលើកឡើងដោយផ្ទាល់ ថាតើ គាត់មានបំណងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនោះទេ ប៉ុន្តែត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងធ្វើដូច្នេះ ឥឡូវនេះគាត់គឺជាប្រធាន DPP ។ លោកស្រី Tsai មិនអាចឈរឈ្មោះជាប្រធានាធិបតីតទៀតបានទេ ដោយសារការកំណត់អាណត្តិដែលបានចែងរបស់រដ្ឋធម្មនុញ្ញ ។

លោក Sidney Lin អគ្គលេខាធិការស្តីទីរបស់បក្ស DPP បានប្រាប់ដល់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ ថា លោក Lai បានឈ្នះការបោះឆ្នោត។ គាត់ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃពុធ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Lai បានសន្យាថា នឹងឈ្នះមកវិញនូវទំនុកចិត្តរបស់សាធារណជនសម្រាប់គណបក្ស និង “ការពារកោះតៃវ៉ាន់យ៉ាងរឹងមាំ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាពរបស់កោះតៃវ៉ាន់នៅក្នុងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ និងអាចផ្លាស់ប្តូរបាន” ។

លោក Lai ធ្លាប់បានខឹងនឹងក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តដែលវង្វេងផ្លូវ និងមិនមែនជាប្រទេសមួយ ដោយមានការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កោះនេះ និងអត្តសញ្ញាណដាច់ដោយឡែកពីគ្នា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top