ព័ត៌មានអន្តរជាតិ

ប្រទេសចិន ចោទអាមេរិក ជាចោរលួចប្រេង របស់ប្រទេសស៊ីរី

បរទេស ៖ ប្រទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការលួចប្លន់នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា ការកាន់កាប់ខាងយោធា រយៈពេលជាច្រើនឆ្នាំ របស់ទីក្រុងវ៉ាស៊ីនតោន និង “ការលួចប្លន់” ធនធាននៅក្នុងប្រទេសស៊ីរី បានធ្វើឱ្យប្រទេសនេះ ស្ថិតនៅលើគែមនៃ “គ្រោះមហន្តរាយមនុស្សធម៌” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទ សារព័ត៌មាន កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin ត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ថ្មីៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដែលថា កងកម្លាំងអាមេរិកបានដឹកជញ្ជូន “ប្រេងដែលលួចបាន” យ៉ាងច្រើនពីស៊ីរី ទៅកាន់ប្រទេស អ៊ីរ៉ាក់កាលពីដើមខែនេះ។

លោក Wang Wenbin បាននិយាយថា “យើងត្រូវបានវាយប្រហារ ដោយភាពស្លូតបូត និងភាពសាហាវឃោរឃៅ នៃការប្លន់យកពីស៊ីរី របស់សហរដ្ឋអាមេរិក… ការលួចបែបនេះកំពុងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវវិបត្តិថាមពល និងគ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងប្រទេសស៊ីរី” ដោយលោកលើកឡើង ពីស្ថិតិរបស់រដ្ឋាភិបាលស៊ីរីដែលអះអាងថា “ជាង ៨០ភាគរយ នៃទិន្នផលប្រេងប្រចាំថ្ងៃ របស់ប្រទេសស៊ីរី ត្រូវបានគេរត់ពន្ធ ចេញពីប្រទេសដោយកងទ័ព កាន់កាប់របស់សហរដ្ឋអាមេរិក” នៅឆមាសទីមួយនៃឆ្នាំ ២០២២ ។

សូមជម្រាបថា នៅថ្ងៃទី ១៤ ខែមករា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីរី (SANA) របស់ទីក្រុង Damascus បានរាយការណ៍ថា “ក្បួនរថយន្តមួយ ដែលមានឡានផ្ទុកប្រេងចំនួន ៥៣គ្រឿង ដែលប្រេងរបស់ស៊ីរី ដែលត្រូវបានលួច” និងត្រូវបាននាំយកពីខេត្ត Hasakah របស់ប្រទេសនេះទៅកាន់ “មូលដ្ឋានទ័ពអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់” ដោយកត់សម្គាល់ប្រតិបត្តិការនេះ ត្រូវបានអនុវត្តជាមួយសកម្មជនឃឺដក្នុងស្រុក ដែលបានទទួលការគាំទ្រពីអាមេរិកជាយូរមកហើយ ។ សារព័ត៌មានក៏បានបញ្ជាក់ផងដែរថា ឡានធំធំចំនួន ៦០ គ្រឿងទៀតបានលួចដឹកប្រេង និងស្រូវសាលី ដែលលួចចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីដើមខែនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top