ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តីការបរទស អាមេរិកវ័យជិត១០០ឆ្នាំថា អព្យាក្រឹតភាពរបស់ អ៊ុយក្រែនគឺ លែងមានន័យ ហើយ

បរទេស៖ លោក Henry Kissinger ដែលជាអតីតអ្នកការទូតអាមេរិក បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារថា អព្យាក្រឹតភាពរបស់អ៊ុយក្រែនគឺ “លែងមានន័យ” ហើយដោយសារកាលៈទេសៈនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Henry Kissinger បានគាំទ្រសមាជិកភាពចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងគៀវនៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបន្តទទូចឱ្យមានការចរចាសន្ទនាជាមួយរុស្ស៊ី ដែលជាជំហរមួយដែលធ្វើឱ្យលោកទទួលបានតំណែងមួយនៅក្នុង “បញ្ជីសម្លាប់” ដ៏ល្បីល្បាញរបស់អ៊ុយក្រែន។

លោក Kissinger បច្ចុប្បន្នមានអាយុ ៩៩ ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក (១៩៧៣-១៩៧៧) និងជាទីប្រឹក្សាសន្តិសុខជាតិ (១៩៦៩-១៩៧៥) ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមវៀតណាម ក៏ដូចជាគោលនយោបាយដាក់ប្រទេសចិនប្រឆាំងនឹងសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់។

នៅឯការជួបជុំនៅទីក្រុង Davos កាលពីឆ្នាំមុន ក្នុងខែឧសភា លោកបានតស៊ូមតិដើម្បីឱ្យបញ្ចប់ជាបន្ទាន់ចំពោះអរិភាពក្នុងប្រទេសអ៊ុយក្រែន ដោយបារម្ភថា ក្រែងលោរុស្ស៊ី “ត្រូវបានរុញឱ្យទៅជាសម្ព័ន្ធមិត្តអចិន្ត្រៃយ៍ជាមួយចិន”។ ចំពោះការហ៊ានផ្តល់យោបល់ថា ក្រុងមូស្គូអាចរក្សាតំបន់ គ្រីមៀ ដែលចូលរុស្សីក្នុងឆ្នាំ ២០១៤ លោកត្រូវបានដាក់ក្នុងបញ្ជី “អ្នកបង្កើតសន្តិភាព” នៃសត្រូវរបស់អ៊ុយក្រែន។

កាលពីថ្ងៃអង្គារ លោកបាននាំមុខសុន្ទរកថារបស់លោកជាមួយនឹង “ការកោតសរសើរ” សម្រាប់មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និង “ការប្រព្រឹត្តិវីរភាពរបស់ប្រជាជនអ៊ុយក្រែន” មុនពេលដែលចាំបាច់ស្នើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពដូចគ្នាកាលពីឆ្នាំមុន៕ប្រែសម្រួលៈ ណៃ តុលា

To Top