ព័ត៌មានអន្តរជាតិ

ជំនួយថ្មីរបស់អាមេរិក នឹងមិនរួមបញ្ចូល រថក្រោះប្រយុទ្ធ M1 Abrams ដែល​អ៊ុយក្រែនចង់បាននោះទេ

បរទេស៖ ទស្សនាវដ្ដី Politico បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបីនាក់ និងបុគ្គលម្នាក់ទៀត ដែលដឹងពីបញ្ហានេះថា សហរដ្ឋអាមេរិកនឹង មិនរួមបញ្ចូលរថក្រោះប្រយុទ្ធ ដ៏សំខាន់ប្រភេទ M1 Abrams ដែលអ៊ុយក្រែនចង់បាន នៅក្នុងកញ្ចប់ជំនួយ ដែលនឹងត្រូវប្រកាសក្នុងសប្តាហ៍នេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងគៀវបានបញ្ចូលរថក្រោះប្រយុទ្ធ Abrams នៅក្នុងបញ្ជីប្រាថ្នាចង់បានឆ្នាំ ២០២៣ របស់ខ្លួនដែលបាន ចេញផ្សាយកាលពីចុងខែមុន ខណៈដែលមន្ត្រីអ៊ុយក្រែន ស្វែងរកអាវុធធុនធ្ងន់ពីលោកខាងលិច សម្រាប់ប្រើក្នុងជម្លោះជាមួយរុស្ស៊ី។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន គ្រោងនឹងជួបនៅឯមូលដ្ឋានទ័ព អាកាសអាមេរិក ក្នុងទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ។

មន្ត្រីអាមេរិកម្នាក់ត្រូវបាន ដកស្រង់សម្តីថា សហរដ្ឋអាមេរិកមានការស្ទាក់ស្ទើរ ក្នុងការផ្គត់ផ្គង់រថក្រោះពិសេស ទាំងនេះដោយសារតែ “បញ្ហាប្រឈមផ្នែកដឹកជញ្ជូន និងការថែទាំរថក្រោះ ហើយមិនមានការព្រួយបារម្ភថា ការផ្ទេររបស់ពួកគេអាច បង្កើនជម្លោះនោះដែរ” ។

សារព័ត៌មាន Associated Press បានដកស្រង់សម្តីមន្ត្រីអាមេរិក ដែលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនទំនងជា នឹងសន្យាផ្តល់ជំនួយយោធាបន្ថែមចំនួន ២,៦ពាន់លានដុល្លារ ដល់អ៊ុយក្រែនក្នុងសប្តាហ៍នេះ។ កញ្ចប់នេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូល – ជាលើកដំបូង គឺរថយន្តប្រយុទ្ធ Stryker ប្រហែល ១០០គ្រឿង និងយ៉ាងហោចណាស់ រថយន្តប្រយុទ្ធថ្មើរជើង Bradley ៥០គ្រឿង, នេះបើយោងតាមរបាយការណ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top