ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី៖ ប្រធាន​កីឡា​អូឡាំពិក គួរ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់ជម្លោះជួរ​មុខ​អ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានអញ្ជើញប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ទៅទស្សនាទីក្រុង Bakhmut ជួរមុខ ជាកន្លែងដែលទាហានអ៊ុយក្រែន កំពុងប្រយុទ្ធយ៉ាងសាហាវជាមួយកងកម្លាំងរុស្ស៊ី។

លោក ហ្សេឡិនស្គី បានបន្តការអញ្ជើញបង្កហេតុកាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកបាននិយាយថា “ផ្លូវ” គួរតែត្រូវបានរុករក ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមក្នុងការប្រកួតកីឡាប៉ារីសឆ្នាំ២០២៤ ។

ប្រទេសរុស្សី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស ត្រូវបានដកចេញពីការប្រកួតកីឡាអូឡាំពិកភាគច្រើន ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

លោក ហ្សេឡិនស្គី បានឡើកឡើងថា “ខ្ញុំ​អញ្ជើញ​លោក Bach មកកាន់តំបន់ជួរមុខ Bakhmut  ដូច្នេះគាត់អាចមើលឃើញដោយភ្នែករបស់លោកថា អព្យាក្រឹតភាពមិនមាននោះទេ” លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកបានបន្ដថា “វាច្បាស់ណាស់ថា បដាអព្យាក្រឹតណាមួយរបស់អត្តពលិករុស្ស៊ី ត្រូវបានប្រឡាក់ដោយឈាម” ។  តំបន់ Bakhmut នៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk បច្ចុប្បន្ន គឺជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top