គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងដំណើរទស្សនកិច្ចទៅកាន់នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte កាលពីថ្ងៃសុក្របានពិភាក្សាអំពីជំនួយការពារជាតិ សម្រាប់ទីក្រុងគៀវ និងការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី។
នៅក្នុងកិច្ចពិភាក្សា លោក ហ្សឹឡិនស្គី បានថ្លែងអំណរគុណដល់ប្រទេសហូឡង់ សម្រាប់ការសម្រេចចិត្តផ្ទេរប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន និងការចូលរួមក្នុង “ក្រុមចម្រុះរថក្រោះ” សេវាសារព័ត៌មានប្រធានាធិបតីបានរាយការណ៍។
លោក ហ្សឹឡិនស្គី បានជូនដំណឹងថា ប្រទេសហូឡង់ រួមជាមួយអាល្លឺម៉ង់ និងដាណឺម៉ាក កំពុងរៀបចំប្រគល់រថក្រោះ Leopard ប្រហែល ១០០ គ្រឿងទៅឱ្យអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថានៅឆ្នាំនេះ ប្រទេសហូឡង់បានបែងចែកប្រាក់ចំនួន ២,៥ ពាន់លានអឺរ៉ូ (ប្រហែល ២,៦៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ជួយអ៊ុយក្រែនក្នុងវិស័យយោធា ហិរញ្ញវត្ថុ មនុស្សធម៌ និងផ្នែកច្បាប់។
លោក ហ្សេឡិនស្គី បានអំពាវនាវឱ្យដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន រួមទាំងវិធានការរឹតត្បិតប្រឆាំងនឹងវិស័យនុយក្លេអ៊ែរ ឧស្សាហកម្មមីស៊ីល វិស័យព័ត៌មានវិទ្យា និងគ្រប់ឧស្សាហកម្ម និងសហគ្រាសដែលរួមចំណែកដល់ការអនុវត្តកម្មវិធីមីស៊ីលរុស្ស៊ី ឬការផលិតយន្តហោះដ្រូន។
សម្រាប់ផ្នែករបស់លោកវិញ លោក Rutte បានលើកឡើងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចមិនត្រឹមតែផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការបណ្តុះបណ្តាល និងសមយុទ្ធសម្រាប់យោធាអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា