គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនៅឆ្នាំនេះមកត្រឹម ១ភាគរយពី ៣,២ ភាគរយ ដែលបានប៉ាន់ប្រមាណមុននេះ ។
លោក Oleksii Sobolev អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ការព្យាករណ៍នេះ ត្រូវបានបន្ទាបកម្រិត ដោយសារតែការសន្មត់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣ នឹងមានរយៈពេលពេញមួយឆ្នាំ ។
លោក Sobolev បានលើកឡើងថា យោងតាមការព្យាករណ៍ អតិផរណា នៅអ៊ុយក្រែន នឹងថយចុះមកត្រឹម ២៤ភាគរយនៅឆ្នាំនេះ ពី ២៦,៦ ភាគរយក្នុងឆ្នាំ២០២២ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
មុននេះ ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បានព្យាករណ៍ថា អតិផរណានៅក្នុងប្រទេស នឹងឈានដល់ ២៨ភាគរយនៅឆ្នាំ២០២៣។ យោងតាមការព្យាករជាបឋម GDP របស់អ៊ុយក្រែនបានធ្លាក់ចុះចំនួន ៣០,៤ ភាគរយកាលពីឆ្នាំមុន ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា