ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ប្ដេជ្ញាលើកកម្ពស់កិច្ចចរចា សន្ដិភាពអ៊ុយក្រែន

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យាកាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំង នឹងជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី និងបានជួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលបានស្វាគមន៍ការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការរួមចំណែកដ៏មានអត្ថន័យ។

មេដឹកនាំទាំងពីរបាននិពន្ធអត្ថបទសម្រាប់សារព័ត៌មានសំខាន់ៗនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋជិតខាងចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំមុន។

មេដឹកនាំទាំងពីរ បានបើកកិច្ចប្រជុំមួយទល់មួយនៅរសៀលថ្ងៃចន្ទនៅទីក្រុងមូស្គូ ដោយលោក ពូទីន បានប្រាប់លោកស៊ី ថាលោកគ្រោងនឹងពិភាក្សាអំពីអ៊ុយក្រែនក្នុងអំឡុងពេលកិច្ចពិភាក្សានេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី។

នៅពេលមកដល់ទីក្រុងមូស្គូ លោក ស៊ី បានលើកឡើងថា ប្រទេសចិន នឹងធ្វើការជាមួយរុស្ស៊ី ដើម្បីគាំទ្រលទ្ធិពហុភាគីពិត និងលើកកម្ពស់ពិភពលោកពហុប៉ូល។ លោកបានបង្ហាញទំនុកចិត្តថា ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកនឹង “បញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងភាពរឹងមាំ និងការរីកចម្រើនជាលំដាប់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ី” នេះបើយោងតាមក្រសួងការបរទេសចិន។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងកាសែតរុស្ស៊ី Gazette និងនៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti លោក ស៊ី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីនឹងក្លាយជា “ដំណើរនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព” ។ ដោយកត់សម្គាល់ “ការកើនឡើងគ្រប់ជ្រុងជ្រោយនៃវិបត្តិអ៊ុយក្រែន” មេដឹកនាំចិនបានឲ្យដឹងថា “មិនមានដំណោះស្រាយសាមញ្ញ ចំពោះបញ្ហាស្មុគស្មាញនោះទេ” ។

ប៉ុន្តែលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងជឿជាក់ថា ដរាបណាភាគីទាំងអស់ “បន្តការសន្ទនា និងការពិគ្រោះយោបល់ដោយឈរលើជើងស្មើគ្នា សមហេតុផល និងលទ្ធផល ពួកគេនឹងស្វែងរកមធ្យោបាយសមហេតុផល ដើម្បីដោះស្រាយវិបត្តិនេះ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top