ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនថា នាយករដ្ឋមន្រ្តីហុងគ្រី​ គួរតែដឹងគុណដល់អ៊ុយក្រែន ព្រោះខ្លួនកំពុងការពារប្រទេសហុងគ្រី និងសហភាពអឺរ៉ុបពីរុស្ស៊ី

បរទេស៖ ក្រសួងការបរទេសនៅទីក្រុងគៀវបាននិយាយកាលពីថ្ងៃសុក្រថា វាជារឿងមិនសមរម្យរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងការរិះគន់ការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប ដល់អ៊ុយក្រែន នៅពេលដែលទីក្រុង Budapest យកប្រាក់ពីទីក្រុងព្រុចសែលផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko ក៏បានទទូចថាអ៊ុយក្រែន កំពុងការពារប្រទេសហុងគ្រី និងសហភាពអឺរ៉ុបពីរុស្ស៊ី។

កាលពីព្រឹកមិញ នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍វិទ្យុហុងគ្រី លោក Orban បានពណ៌នាអ៊ុយក្រែនថាជា “ប្រទេសដែលមិនមាននៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុ” ដែលពឹងផ្អែកទាំងស្រុងលើការបរិច្ចាគ របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលនឹងមិនបន្តជារៀងរហូត។

លោក Nikolenko បានសរសេរនៅលើហ្វេសប៊ុកថា “សេចក្តីថ្លែងការណ៍ប្រឆាំងនឹងអ៊ុយក្រែនមួយទៀត” ។ «វា​ជា​រឿង​មិន​ល្អ​ចំពោះ​ថ្នាក់​ដឹកនាំ​ហុងគ្រី ​ក្នុង​ការ​និយាយ​ពី​បញ្ហា​ហិរញ្ញវត្ថុ ​របស់​ប្រទេស​ផ្សេង​ទៀត ខណៈ​ហុងគ្រី​ខ្លួន​ឯង​ទទួល​បាន​ប្រាក់​ច្រើន ​ពី EU ដើម្បី​គាំទ្រ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន» ផងដែរ។

តាមរយៈការផ្ដល់លុយឱ្យអ៊ុយក្រែន លោក Nikolenko បានទទូចថា សហភាពអឺរ៉ុប “វិនិយោគដំបូង និងសំខាន់បំផុតនៅក្នុងសន្តិសុខរបស់ខ្លួន” ខណៈដែលអ៊ុយក្រែនកំពុងការពារអឺរ៉ុប ដោយជីវិតរបស់ពួកគេពី “ការឈ្លានពានរបស់រុស្ស៊ី ដែលមិនធ្លាប់មានពីមុនមក” ។ ជំនួសមកវិញ គាត់បានអះអាងថា លោក Orban គួរតែដឹងគុណដល់អ៊ុយក្រែនសម្រាប់ “មេឃសន្តិភាពលើទីក្រុង Budapest និងទីក្រុងផ្សេងទៀតនៅអឺរ៉ុប”៕ ប្រែសម្រួលៈ ណៃ តុលា

To Top