តូក្យូ៖ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះរបស់កងកម្លាំង ស្វ័យការពារចំនួនពីរគ្រឿងទៀត បានចាកចេញទៅកាន់អាកាសយាន្ដដ្ឋាន Djibouti ខណៈដែលប្រទេសជប៉ុន កំពុងរៀបចំជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដែលជាកន្លែងដែលមានការប៉ះទង្គិចគ្នាផ្នែកយោធាកំពុងបន្ត។
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅមុននេះបន្តិចថា ពលរដ្ឋជប៉ុនសរុបចំនួន ៦៣នាក់ រួមទាំងបុគ្គលិកស្ថានទូត ស្ថិតនៅក្នុងប្រទេសស៊ូដង់ គិតត្រឹមថ្ងៃពុធកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យន្តហោះដឹកជញ្ជូន C-2 និងយន្តហោះចាក់ប្រេងពីលើអាកាស KC-767 នឹងចូលរួមជាមួយយន្តហោះដឹកជញ្ជូន C-130 ដែលបានចាកចេញពីប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ដើម្បីឈរជើងនៅ Djibouti ជាកន្លែងដែល SDF មានមូលដ្ឋានជាផ្នែកមួយនៃបេសកកម្មប្រឆាំងចោរសមុទ្រ នៅឈូងសមុទ្រនៃសមុទ្រ Aden ។
គួរបញ្ជាក់ថា ក្រសួងបានបង្កើតក្រុមការងារមួយ ដើម្បីអនុវត្តការជម្លៀសដែលមានបុគ្គលិកប្រហែល ៣៧០ នាក់មកពីកងកម្លាំងស្វ័យការពារដីគោក និងអាកាស៕
ប្រែសម្រួល ឈូក បូរ៉ា