ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យកាត់បន្ថយភាពតានតឹង ជាបន្ទាន់ ក្នុងវិបត្តិអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន លើវិមានក្រឹមឡាំង

ប៉េកាំង៖ អ៊ុយក្រែន បានបដិសេធការចោទប្រកាន់របស់រុស្ស៊ី ដែលថា ខ្លួនបានព្យាយាមវាយប្រហារវិមានក្រឹមឡាំង ដោយយន្តហោះដ្រូននៅក្នុងការប៉ុនប៉ង “សម្លាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន” ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែច្រើនអំពីឧប្បត្តិហេតុនេះ។ ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានកត់សម្គាល់របាយការណ៍ ដែលពាក់ព័ន្ធ ហើយចិន អំពាវនាវឱ្យភាគីទាំងអស់ជៀសវាងសកម្មភាពណាមួយ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជំហររបស់ចិន ចំពោះវិបត្តិអ៊ុយក្រែនគឺស្រប និងច្បាស់លាស់។ ភាគីទាំងអស់ត្រូវជៀសវាងការចាត់វិធានការ ដែលអាចធ្វើអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” ។

អ្នកជំនាញចិនមួយចំនួនបានចាត់ទុកការវាយប្រហារនេះថា ទំនងជាមានទំនាក់ទំនងជាមួយពួកជ្រុលនិយមអ៊ុយក្រែន ដែលតស៊ូមតិអូសបន្លាយជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបង្ខិតបង្ខំមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ឱ្យបន្តការប្រយុទ្ធ ខណៈភាពចម្លែក គឺថាមានការគាំទ្រ ឬការលើកទឹកចិត្តពីកងកម្លាំងអនុត្តរភាពអន្តរជាតិ សម្រាប់ ប្រតិបត្តិការនេះ។

ខ្សែអាត់វីដេអូតាមអ៊ីនធឺណិតបានបង្ហាញពីវត្ថុហោះបានផ្ទុះនៅក្នុងពន្លឺដ៏ខ្លាំងមួយនៅជិតអគារវិមានក្រឹមឡាំង។ រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា ទីក្រុងគៀវ “បានព្យាយាមវាយប្រហារដោយយន្តហោះដ្រូនប្រឆាំងនឹងលំនៅដ្ឋានរបស់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី” នៅវិមានក្រឹមឡាំង។

កាសែត RT បានចុះផ្សាយដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលប្រធានាធិបតីថា យន្តហោះដ្រូននេះត្រូវបានបាញ់ទម្លាក់ដោយប្រើវិធានការសង្គ្រាមអេឡិចត្រូនិក ហើយមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬការខូចខាតនោះទេ។ ទីក្រុង​ម៉ូស្គូ​ចាត់​ទុក​ឧបទ្ទវហេតុ​នេះ​ថា ​ជា​អំពើ​ភេរវកម្ម។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបដិសេធការអះអាងរបស់រុស្ស៊ីដោយលើកឡើងថា “យើងមិនវាយប្រហារលោក ពូទីន ឬទីក្រុងម៉ូស្គូនោះទេ យើងប្រយុទ្ធនៅលើទឹកដីរបស់យើង និងការពារទីក្រុង និងទីក្រុងរបស់យើង”។

ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ រុស្ស៊ី​បាន​ចោទ​អាមេរិក​ថា ​ជា​អ្នក​នៅ​ពីក្រោយ​ឧប្បត្តិហេតុវាយប្រហារដោយ​យន្តហោះ​ដ្រូន។ “ការព្យាយាមបដិសេធរឿងនេះ ទាំងនៅទីក្រុងគៀវ និងនៅវ៉ាស៊ីនតោន ជាការពិត គួរឱ្យអស់សំណើចណាស់។ យើងដឹងយ៉ាងច្បាស់ថា ការសម្រេចចិត្តអំពីសកម្មភាពបែបនេះ អំពីការវាយប្រហារភេរវករ មិនមែនធ្វើឡើងដោយទីក្រុងគៀវនោះទេ ប៉ុន្តែជាទីក្រុងវ៉ាស៊ីនតោន” ៕ប្រែសម្រួល ឈូក បូរ៉ា

To Top