ព័ត៌មានអន្តរជាតិ

The Telegraph៖ ប្រធានាធិបតីអាមេរិក ចង់ឱ្យប្រធានគណៈកម្មការអឺរ៉ុប ឡើងជាអគ្គលេខាធិការថ្មី របស់អង្គការណាតូ

រូបភាព៖ Afp

បរទេស៖ យោងតាមកាសែត The Telegraph បានឱ្យដឹងថា ជម្រើសដែលប្រធានាធិបតីអាមេរិកលោក Joe Biden ពេញចិត្តសម្រាប់តំណែងជាអគ្គលេខាធិការ អង្គការណាតូ បន្ទាប់នោះ គឺប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden និង លោកស្រី von der Leyen បានកសាង “ចំណងដ៏រឹងមាំ” ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើបញ្ហាដូចជាប្រទេសចិន អ៊ុយក្រែន និងបម្រែបម្រួលអាកាសធាតុ ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់កាសែត គឺថា សេតវិមានបានកោតសរសើរដែលប្រធានគណៈកម្មការអឺរ៉ុបនាពេលថ្មីៗនេះ តែងតែ “ពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន សម្រាប់ការស៊ើបការណ៍សម្ងាត់” ជំនួសឱ្យការជឿទុកចិត្តលើភ្នាក់ងារអឺរ៉ុប ដែលបានបរាជ័យ ក្នុងការវាយតម្លៃ ឱ្យបានត្រឹមត្រូវនូវប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន។

របាយការណ៍ក៏បានលើកឡើងថា លោកស្រី von der Leyen ទំនងជាអាចទទួលបានការគាំទ្រ ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជាតួអង្គសំខាន់មួយទៀត នៅក្នុងអង្គការ ណាតូ ដោយសារតែភាពស្ទាត់ជំនាញរបស់លោកស្រី ក្នុងការប្រើភាសាបារាំង។

កាលពីថ្ងៃអង្គារ អគ្គលេខាធិការដែលកំពុងកាន់អំណាចរបស់អង្គការ ណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា អាណត្តិរបស់លោក ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញា ត្រូវបានអូសបន្លាយមួយឆ្នាំទៀត។ លោក Jens Stoltenberg ដែលជាជនជាតិន័រវេស បានដឹកនាំសម្ព័ន្ធភាពយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៤ ដោយអាណត្តិរបស់លោកត្រូវបានបន្តចំនួន ៤ ដង៕

ប្រែសម្រួលៈ ណៃ តុលា

To Top