ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីប្រេង OPEC គាំទ្រការកាត់បន្ថយទិន្នផលថ្មីដោយអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអាល់ហ្សេរី

រូបភាពពី៖​ AFP

វីយែន៖ រដ្ឋមន្ត្រីថាមពល និងប្រេងមកពីអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានសម្តែងការគាំទ្រ ចំពោះការកាត់បន្ថយផលិតកម្មចុងក្រោយដោយអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអាល់ហ្សេរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អារ៉ាប៊ីសាអូឌីត និងអាល់ហ្សេរី ស្ថិតក្នុងចំណោមប្រទេសសមាជិកទាំង ១៣ របស់អង្គការ OPEC ហើយរុស្ស៊ី គឺជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តទាំង ១០ របស់អង្គការនេះ។ ប្រទេសទាំង ២៣ បង្កើតសម្ព័ន្ធភាពផលិតប្រេងហៅថា “OPEC+”។

អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទបានបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួនចំនួន ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដល់ខែសីហា ខណៈដែលប្រទេសរុស្ស៊ី បានប្រកាសផែនការកាត់បន្ថយការនាំចេញប្រេងចំនួន ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែសីហា។ នៅថ្ងៃច័ន្ទផងដែរ ប្រទេសអាល់ហ្សេរី បានសម្រេចចិត្តកាត់បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួនដោយស្ម័គ្រចិត្ត ២ម៉ឺនបារ៉ែលក្នុងមួយថ្ងៃផ្សេងទៀតក្នុងខែសីហា។

ប្រភពពី OPEC បានឲ្យដឹងថា រដ្ឋមន្ត្រីថាមពល និងប្រេងរបស់អង្គការ OPEC ដែលចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ OPEC លើកទី៨ នៅទីក្រុងវីយែន កាលពីថ្ងៃពុធ “បានសម្តែងការពេញចិត្ត” ចំពោះការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត ហើយបានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី និងអាល់ហ្សេរី សម្រាប់ការប្រកាសចុងក្រោយរបស់ប្រទេសទាំងពីរ។

ប្រភពបានឲ្យដឹងទៀតថា កិច្ចប្រជុំនៅខាងក្រៅសិក្ខាសាលា រដ្ឋមន្ត្រី “ឆ្លៀតឱកាសពិនិត្យមើលស្ថានភាពទីផ្សារ និងបានយល់ព្រមបន្តការពិគ្រោះយោបល់ជាមួយសមភាគីមិនមែនអង្គការ OPEC តាមរយៈយន្តការដែលបានដាក់រួចហើយ”។

រដ្ឋមន្ត្រីមកពីបណ្តាប្រទេស OPEC+ និងប្រទេសប្រើប្រាស់ប្រេង ក៏ដូចជាតំណាងអង្គការអន្តរជាតិ ក្រុមហ៊ុនប្រេង និងថាមពល អ្នកសិក្សា និងអ្នកជំនាញឧស្សាហកម្មផ្សេងទៀត កំពុងចូលរួមសិក្ខាសាលាអន្តរជាតិ OPEC លើកទី៨៕ ប្រែសម្រួល ឈូក បូរ៉ា

To Top