ព័ត៌មានអន្តរជាតិ

សេតវិមាន ប្រឆាំងនឹងការត្រួតពិនិត្យ ឯករាជ្យទៅលើ ជំនួយដល់អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានជំទាស់នឹងផែនការ របស់សមាជិកសភាអាមេរិក ក្នុងការបង្កើតអគ្គអធិការកិច្ចឯករាជ្យ ដែលនឹងពិនិត្យលើកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដ៏ធំ របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ហាគឺការផ្តល់បន្ថែមទៅក្នុងថវិកាការពារជាតិអាមេរិកចំនួន ៨៧៤ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារ ពើពន្ធបន្ទាប់របស់រដ្ឋាភិបាល ដោយអំពាវនាវ ឱ្យមានស្រទាប់ត្រួត ពិនិត្យបន្ថែមលើជំនួយអ៊ុយក្រែន ដែលយកគំរូតាមអគ្គអធិការ ដែលត្រូវបានបង្កើតឡើង សម្រាប់ការកសាងឡើងវិញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សមាជិកសភាអភិរក្សនិយម រួមទាំងអ្នកតំណាង Matt Gaetz មកពីគណបក្សសាធារណរដ្ឋ មកពីរដ្ឋផ្លរីដា បានអះអាងថា សេតវិមានខ្វះការ គ្រប់គ្រងគ្រប់គ្រាន់ ដើម្បីការពារការក្លែងបន្លំ និងការប្រើប្រាស់ខុសផ្សេងទៀត នៃជំនួយចំនួន ១១៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត ដោយសភាដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលបានអះអាងកាលពីថ្ងៃចន្ទថា អគ្គអធិការកិច្ចនៃមន្ទីរបញ្ចកោណ និងការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) កំពុងធ្វើការជាមួយគណៈកម្មាធិការសភាពាក់ព័ន្ធរួចហើយ ដើម្បី “ធានានូវគណនេយ្យភាព” សម្រាប់ជំនួយអ៊ុយក្រែន។ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គអធិការ នៃមន្ទីរបញ្ចកោណ និង GAO បច្ចុប្បន្នកំពុងធ្វើការ ស៊ើបអង្កេតលើ “គ្រប់ផ្នែកនៃជំនួយនេះ” ។

សេតវិមាន​ក៏​ប្រឆាំង ​នឹង​វិសោធនកម្ម​ច្បាប់ ​ការពារជាតិ​ដែល​នឹង​ពង្រីក​សិទ្ធិអំណាច ​របស់​អគ្គ​អធិការកិច្ច​កសាង​ឡើងវិញ ​អាហ្វហ្កានីស្ថាន។ OMB បាននិយាយថា “ការពង្រីកនេះ គឺមិនចាំបាច់ និងមិនធ្លាប់មានពីមុនមក ” ដោយសារតែអធិការមកពីក្រសួងការបរទេស សហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានត្រួតពិនិត្យជំនួយរួចហើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top