ព័ត៌មានអន្តរជាតិ

គណបក្សឆ្ពោះទៅមុខ ស្នើឱ្យសភាដកសិទ្ធិរបស់សមាជិកព្រឹទ្ធសភានិយមខាងយោធា មិនឱ្យចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី

រូបភាពពី៖​ AFP

បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ MoveForward (MFP) កាលពីថ្ងៃសុក្របានដាក់សំណើទៅសភា ស្វែងរកការដកសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាពីអំណាចរបស់ពួកគេ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីរួមគ្នា។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប៉ុនប៉ងដើម្បីលុបចោលផ្នែកទី ២៧២ នៃធម្មនុញ្ញដែលអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាដែលមានសមាជិក ២៥០ រូបចូលរួមក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំគណបក្សលោក Pita Limiaroenrat បានបរាជ័យក្នុងការប្រមូលផ្តុំការគាំទ្រឱ្យបានគ្រប់គ្រាន់ដើម្បីគាំទ្រការប៉ុនប៉ង របស់លោកដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី វា​ជា​ការ​ប៉ុនប៉ង​ លើក​ទី​៧ហើយដើម្បី​ដក​សមាជិកព្រឹទ្ធសភា​ពី​អំណាច​នេះ​មក​ទល់​បច្ចុប្បន្ន។

អគ្គលេខាធិការគណបក្ស Move Forward លោក Chaithawat Tulaton បាននិយាយថា សមាជិកសភារបស់គណបក្សទាំងអស់បានចុះហត្ថលេខា ក្នុងការគាំទ្រចំពោះវិសោធនកម្មធម្មនុញ្ញដើម្បីដកហូតអំណាចពីព្រឹទ្ធសភា ដោយសារតែសមាជិកព្រឹទ្ធសភាបានជ្រើសរើសមិនឲ្យបោះឆ្នោតក្នុងសប្តាហ៍នេះ។

លោកបាននិយាយថា សមាជិកព្រឹទ្ធសភាចំនួន ១៥៦ នាក់បានអនុប្បវាទ ខណៈដែល សមាជិកព្រឹទ្ធសភា ៤៣នាក់ផ្សេងទៀតមិនបានចូលរួមកិច្ចប្រជុំនៅថ្ងៃទី ១៣ ខែកក្កដាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស។

លោកបានបន្តថា “នៅពេលដែលសមាជិកព្រឹទ្ធសភាបានបង្ហាញយ៉ាងច្បាស់ថា ពួកគេមិនចង់អនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ យើងកំពុងស្នើសុំដំណោះស្រាយ។ យើងជឿថា វានឹងក្លាយជាផ្លូវចេញសម្រាប់សមាជិកព្រឹទ្ធសភា និងសម្រាប់ប្រព័ន្ធសភារបស់យើង”។

លោកបាននិយាយទៀតថា គណបក្ស MFP ត្រូវបានជំទាស់នឹងកថាខណ្ឌ ២៧២ ហើយបានសម្រេចចិត្តព្យាយាមផ្លាស់ប្តូរវាម្តងទៀតបន្ទាប់ពីការបោះឆ្នោតនោះ។

លោក Chaithawat បាន​និយាយ​ថា សម្ព័ន្ធមិត្ត​របស់​គណបក្ស​ គឺបក្សភឿ​ថៃ​មិន​មាន​ការ​ជំទាស់​នឹង​ចំណាត់ការ​នេះ​ទេ។ លោកបាននិយាយថា គណបក្សផ្សេងទៀត រួមទាំង គណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ ក៏នឹងគាំទ្រការធ្វើវិសោធនកម្មធម្មនុញ្ញបែបនេះដែរ។

អគ្គលេខាធិការ MFP បាននិយាយថា សំណើនេះអាចដំណើរការទៅមុខបាន បើទោះបីជាការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។ លោកបានបន្ថែមថា វាអាចធ្វើឱ្យមានភាពច្បាស់លាស់ក្នុងសភាក្នុងរយៈពេលបីសប្តាហ៍ នៃសេចក្តីប្រកាសលើកដំបូងរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា

To Top