ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ភពផែនដីជាលំនៅដ្ឋានរួម ដែលមនុស្សជាតិទាំងមូលពឹងអាស្រ័យ ជប៉ុនគួរតែបញ្ឈប់អនុវត្តផែនការ បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ

“ភពផែនដីជាលំនៅដ្ឋានរួមរបស់យើង ហើយក៏ជាទីជម្រកដែលសត្វ និងរុក្ខជាតិផ្សេងទៀតចំនួនរាប់ពាន់លាន ពឹងអាស្រ័យផងដែរ ។ដូច្នេះ សូមជប៉ុនបញ្ឈប់បង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រភ្លាម!” ពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម YouTube ម្នាក់បានអំពាវនាវដូចខាងលើនេះ នៅពេលចូលរួមការស្ទង់ប្រជាមតិពិភពលោក តាមបណ្តាញអ៊ីនធើណេត ដែលស្ថានីយទូរទស្សន៍ CGTN បានរៀបចំធ្វើអំពីផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ។

បច្ចុប្បន្ននេះ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនកំពុងបណ្តាលឱ្យ សហគមន៍អន្តរជាតិមានការប្រឆាំង និងថ្កោលទោសជាទូទៅ ។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិ ពិភពលោកតាមបណ្តាញអ៊ីនធើណេត ចំនួនពីរលើកដែលស្ថានីយទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំ ធ្វើក្នុងរយៈពេលបីខែបានបង្ហាញឱ្យដឹងថា អ្នកចូលរួមការស្ទង់ប្រជាមតិចំនួន ៩៤,៨៥ភាគរយ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើរបស់ជប៉ុនដែលមិន អើពើនឹងការយកចិត្តទុកដាក់ និងប្រឆាំងពីសហគមន៍អន្តរជាតិ ដោយសម្គាល់ថា ទង្វើនេះគឺមិនទទួលខុសត្រូវណាស់ ។

ការព្រួយបារម្ភនិងភ័យខ្លាចរបស់ ប្រជាជនទូទាំងពិភពលោកចំពោះផែនការ បង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ របស់ជប៉ុនកំពុងរីករាលដាល ។ ពេលថ្មីៗកន្លងទៅនេះ លោក Henry Puna អគ្គលេខាធិការនៃវេទិកា ប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ផែនការបង្ហូរសារធាតុវិទ្យុសកម្ម ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុន មិនត្រឹមតែជាបញ្ហាសន្តិសុខ នុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងក៏បង្កជាផលប៉ះពាល់ ដល់បរិស្ថានសមុទ្រ របរនេសាទ សុខភាពប្រជាជននិងផលប្រយោជន៍ របស់កូនចៅជំនាន់ក្រោយផងដែរ ។

កាលពីថ្ងៃទី៤ ខែកក្កដា អង្គការថាមពលបរមាណូអន្តរជាតិ បានចេញផ្សាយរបាយការណ៍វាយតម្លៃ ចម្រុះចំពោះការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ Fukushima របស់ជប៉ុន ដោយសម្គាល់ថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនគឺសមស្រប នឹងស្តង់ដារសន្តិសុខអន្តរជាតិជាទូទៅ ។ ប៉ុន្តែបើមើលពីខ្លឹមសារនៃរបាយការណ៍អាចឃើញថា វាមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវមតិយោបល់របស់អ្នកជំនាញទាំងអស់ ដែលចូលរួមការវាយតម្លៃនោះទេ ហើយបទសន្និដ្ឋានពាក់ព័ន្ធ ក៏មិនទទួលបានការឯកភាពគ្នា របស់អ្នកជំនាញទាំងឡាយដែរ ដូច្នេះ របាយការណ៍នេះមិនអាចលុបបំបាត់ ការចោទជាមន្ទិលសង្ស័យ និងព្រួយបារម្ភរបស់ភាគីនានានោះឡើយ ។

ពេលថ្មីៗកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មានថា ភាគីជប៉ុនមិនបានពិគ្រោះពិភាក្សា យ៉ាងពេញលេញជាមួយសហគមន៍អន្តរជាតិ ជាពិសេសគឺភាគីពាក់ព័ន្ធ នឹងផលប្រយោជន៍នោះឡើយ ។ ពិតមែនតែដោយសាររងកម្លាំងសង្កត់ ទាំងក្នុងនិងក្រៅប្រទេស ភាគីជប៉ុនសុំឱ្យអង្គការថាមពលបរិមាណូអន្តរជាតិ ធ្វើការត្រួតពិនិត្យនិងវាយតម្លៃក៏ដោយ ក៏ប៉ុន្តែការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រជាលទ្ធផលដែល ភាគីជប៉ុនបានកំណត់រួចហើយ ការអញ្ជើញអង្គការថាមពលបរមាណូអន្តរជាតិ មកធ្វើការវាយតម្លៃគ្រាន់តែ “ធ្វើពុត” តែប៉ុណ្ណោះ ។

ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនមិនត្រឹមតែ ទទួលបានការយកចិត្តទុកដាក់យ៉ាង ទូលំទូលាយពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវប្រឆាំង យ៉ាងខ្លាំងក្នុងស្រុកជប៉ុនផងដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាជនជប៉ុនជិត១រយនាក់ បានរៀបចំមីទ្ទីងនៅចំពោះមុខ ទីចាត់ការទូទៅនៃក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុនដែលជាប្រតិបត្តិករ អាជីវកម្មនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ដើម្បីតវ៉ាចំពោះផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ។

ដើម្បីបង្ការកុំឱ្យចំណីអាហារជប៉ុន ដែលរងការបំពុលពីសារធាតុវិទ្យុសកម្ម នាំចេញទៅកាន់ប្រទេសចិន គយចិនហាមឃាត់ការនាំចូល ចំណីអាហារនៃខេត្តនិងក្រុងចំនួន១០ របស់ជប៉ុនដូចជាក្រុង Fukushima ជាដើម ធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹង ចំពោះឯកសារបញ្ជាក់នៃចំណីអាហារមកពី តំបន់ផ្សេងទៀតរបស់ជប៉ុន ជាពិសេសគឺជលផល (បូករួមទាំងសត្វក្នុងទឹកសម្រាប់បរិភោគ) បង្កើនការត្រួតពិនិត្យនិងគ្រប់គ្រង អនុវត្តយ៉ាងតឹងរ៉ឹងនូវការត្រួតពិនិត្យ ១០០ភាគរយ ក៏ដូចជាបន្តបង្កើនកម្លាំងតាមដាន ត្រួតពិនិត្យនិងធ្វើតេស្តចំពោះសារធាតុវិទ្យុសកម្ម ។

ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រមិនមែនជាមធ្យោបាយចាត់ចែង ដែលមានសុវត្ថិភាពបំផុតនិងមាន ភាពល្អប្រសើរបំផុតជាដាច់ខាត ។ ជម្រើសរបស់ភាគីជប៉ុនគឺ គិតពិចារណាពីទុនចំណាយ ខាងសេដ្ឋកិច្ចទាំងស្រុង ។ ភពផែនដីជាទីលំនៅរួមដែល មនុស្សជាតិទាំងមូលពឹងអាស្រ័យ ហើយមហាសមុទ្រជា ទ្រព្យសម្បត្តិរួមរបស់ពិភពលោក ។
ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនមានផលប៉ះពាល់ យ៉ាងច្បាស់លាស់ក្នុងរយៈពេល ដ៏យូរអង្វែង ដូច្នេះ គួរតែស្វែងរកវិធីចាត់ចែងដ៏សមរម្យផ្សេងទៀត ។ ប្រសិនបើភាគីជប៉ុនមានភាព អាត្មានិយមនិងគ្មានចិត្តធម៌ ហើយធ្វើតាមតែទំនើងចិត្ត នោះ មុខជានឹងរងការថ្កោលទោសរួមពី មនុស្សជាតិទាំងមូលជាក់ជាមិនខាន ៕

To Top