ព័ត៌មានអន្តរជាតិ

សម្ព័ន្ធភាពទាំង ៨គណបក្ស នឹងជួបប្រជុំគ្នាដើម្បីជ្រើសរើស រវាងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សផ្សេងទៀត

AFP

បរទេស៖ សម្ព័ន្ធភាពទាំង៨គណបក្ស នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីកាត់សេចក្តីថាតើ គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) នឹងនៅតែចូលរួមជាមួយពួកគេ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ឬយ៉ាងណា បន្ទាប់ពីគណបក្សផ្សេងទៀត បដិសេធមិនគាំទ្រក្រុមចម្រុះ នៅក្នុងការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីបន្ទាប់ឡើយ ប្រសិនបើមានគណបក្សចលនា ឆ្ពោះទៅមុខនៅតែស្ថិតនៅក្នុងក្រុមនេះ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សភឿថៃ (PT) ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ បរាជ័យក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីឱ្យមេដឹកនាំរបស់ខ្លួនជាប់ឆ្នោត ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យភាគីគាំទ្ររបស់ពួកគេ ក្នុងអំឡុងពេលបោះឆ្នោតលើកទីពីរ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍។

លោក ចូលណាន ស្រីកែវ មេដឹកនាំបក្សភឿថៃបាននិយាយថា ការឆ្លើយតបជាទូទៅគឺពួកគេមិនអាចយល់ព្រម ធ្វើការជាមួយគណបក្សភឿថៃបានទេ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ ដែលជាដៃគូចម្រុះដ៏សំខាន់របស់ខ្លួន ឈរលើផែនការរបស់ខ្លួនក្នុងការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។

លោកបានថ្លែងបន្ទាប់ពី កិច្ចពិភាក្សាជាមួយគណបក្ស Palang Pracharath (PPRP) កាលពីថ្ងៃអាទិត្យ។ លោកបណ្ឌិត ចូលណាន មាននិយាយថា ជំហរនេះនឹងត្រូវបានរាយការណ៍ ត្រឡប់ទៅសម្ព័ន្ធភាពវិញ មុនពេលការសម្រេចចិត្តបន្ថែមទៀត ត្រូវបានធ្វើឡើងទាក់ទងនឹង សមាសភាពនៃសម្ព័ន្ធនេះ។

សូមជម្រាបថា គណបក្សភឿថៃមានបំណងស្វែងរក ការចរចាជាមួយគ្រប់ភាគី គណបក្សនយោបាយ លើកលែងតែគណបក្សប្រជាធិបតេយ្យ ដែលហាក់ដូចជាមិនទាន់ រួចរាល់សម្រាប់កិច្ចពិភាក្សា ខណៈដែលខ្លួននៅតែ គ្មានមេដឹកនាំគណបក្ស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top