បរទេស៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារពិភពលោកបានផ្ទេរប្រាក់ចំនួន ១,៥ ពាន់លានដុល្លារទៅឱ្យទីក្រុងគៀវ តាមរយៈការលើកកម្ពស់ឥណទាន ដែលត្រូវការចាំបាច់សម្រាប់ មូលនិធិទុកចិត្តអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergey Marchenko ត្រូវបានដកស្រង់សម្តីថា “មូលនិធិដែលបានលើកឡើង នឹងត្រូវបានតម្រង់ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គមសម្រាប់ប្រជាជន” ។ ការផ្ទេរនេះធ្វើឡើងក្រោម ការធានាពីរដ្ឋាភិបាលជប៉ុន។
លោក Marchenko បានបន្ថែមថា “ខ្ញុំដឹងគុណចំពោះការគាំទ្រជា បន្តបន្ទាប់ដល់អ៊ុយក្រែន ដោយរដ្ឋាភិបាលជប៉ុន ក្នុងអំឡុងពេលធ្វើជាប្រធានក្រុម G7 ក៏ដូចជាក្រុមធនាគារពិភពលោក” ។
ក្រសួងបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ីប្រឆាំងនឹង ប្រទេសជិតខាងរបស់ខ្លួន ទីក្រុងគៀវបានទទួលជំនួយហិរញ្ញវត្ថុជាង ៥៨១ លានដុល្លារតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន។
យោងតាមក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន គឺ អាជ្ញាធរអ៊ុយក្រែនរំពឹងថានឹងទទួលបាន ២ ពាន់លានដុល្លារផ្សេងទៀតពីទីក្រុងតូក្យូ សម្រាប់ការគាំទ្រថវិកាដោយផ្ទាល់ តាមរយៈមូលនិធិ ADVANCE របស់ធនាគារពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា