ព័ត៌មានអន្តរជាតិ

ជប៉ុន ​ផ្តល់​ទិដ្ឋាការ​រយៈពេល​វែង​ ដល់​ជនជាតិ​រុ​ស្ស៊ី ​២​រូប​ ដែល​ប្រឆាំង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

Kyodo

តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានថា ប្រទេសជប៉ុន បានផ្តល់ទិដ្ឋាការរយៈពេលវែង ជាការលើកលែងពិសេស ដល់ស្ត្រីជនជាតិរុស្សីពីរនាក់ ដែលបានចាកចេញពីប្រទេសរបស់ពួកគេ ក្នុងការប្រឆាំងនឹងការលុកលុយ របស់ខ្លួនលើអ៊ុយក្រែន ។

ស្ត្រីពីរនាក់ដែលមានអាយុ ២០ឆ្នាំរបស់ពួកគេ ត្រូវបានអនុញ្ញាតឱ្យប្តូរស្ថានភាព ស្នាក់នៅរយៈពេលខ្លីរបស់ពួកគេទៅជា ទិដ្ឋាការសិស្សដោយមិនចាំបាច់ត្រឡប់ទៅ ប្រទេសកំណើតរបស់ពួកគេ ជាលើកដំបូងតាមតម្រូវការធម្មតា នៅក្នុងការអនុម័តដ៏កម្រមួយធ្វើឡើង ដោយពិចារណាលើទស្សនៈនយោបាយ។

មិត្តភ័ក្តិទាំងពីរមកពីតំបន់ស៊ីបេរី ភាគខាងកើតប្រទេសរុស្ស៊ី មានចំណាប់អារម្មណ៍លើវប្បធម៌ជប៉ុន ហើយបានសម្រេចចិត្តចាក ចេញទៅប្រទេសជប៉ុន កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានបញ្ជាឱ្យមានការចល័តយោធា មួយផ្នែកដោយបារម្ភថា ពួកគេអាចត្រូវបានហៅឱ្យ គាំទ្រផ្នែកដឹកជញ្ជូន។

ពួកគេបានមកដល់ប្រទេសជប៉ុន ក្នុងខែវិច្ឆិកា បន្ទាប់ពីទទួលបានទិដ្ឋាការរយៈពេលខ្លីរយៈពេល ៩០ថ្ងៃ ក្រោយមកបានពង្រីកទិដ្ឋាការរបស់ពួកគេ នៅពេលពួកគេស្វែងរកឱកាស ដើម្បីស្នាក់នៅរយៈពេលវែង។

បន្ទាប់ពីមកដល់ប្រទេសជប៉ុន ស្ត្រីទាំងពីរនាក់បានអះអាងថា ការវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពួកគេ ខណៈដែលពួកគេបានប្រមូលផ្តុំការគាំទ្រ សម្រាប់អ៊ុយក្រែន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញផ្សេងៗ។ នៅក្នុងប្រទេសរុស្ស៊ី ចលនាប្រឆាំងសង្រ្គាមប្រឈមនឹង ការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ ហើយការនិយាយដោយសេរី ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

ស្ត្រីទាំងពីរនាក់ដែលការផ្លាស់ប្តូរស្ថានភាពស្នាក់នៅ ត្រូវបានអនុម័តក្នុងខែឧសភា នឹងសិក្សាភាសាជប៉ុន រហូតដល់ខែមីនា ឆ្នាំ២០២៥ នៅសាលាវិជ្ជាជីវៈមួយក្នុងខេត្តជីបា នេះបើយោងតាមអ្នកគាំទ្រ។

ច្បាប់អន្តោប្រវេសន៍របស់ប្រទេសជប៉ុន ចែងថា ស្ថានភាពសម្រាប់ការស្នាក់នៅ រយៈពេលខ្លីមិនអាចផ្លាស់ប្តូរ បានទេលុះត្រាតែមាន “កាលៈទេសៈពិសេស”។ ក្នុងស្ថានភាពធម្មតា អ្នកទាំងពីរនឹងត្រូវដាក់ពាក្យសុំទិដ្ឋាការថ្មី នៅឯបេសកកម្មការទូតជប៉ុននៅប្រទេសរុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top