ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរុស្សី ធ្វើឲ្យក្រុមហ៊ុនលោកខាងលិច ខាតបង់ ជាង១០០ពាន់លានដុល្លារ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា បណ្តាក្រុមហ៊ុនសំខាន់ៗរបស់អឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ដោយសារទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅរុស្សី កន្លងមកនោះជាលទ្ធផលបានរងការខាតបង់ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដល់១០០ពាន់លានអឺរ៉ូ ឬត្រូវជា១១០ពាន់លានដុល្លារ។

ប្រភពដដែលបានសរសេរទៀតថា របាយការណ៍ស្រាវជ្រាវដែលបានធ្វើឡើង ជាមួយនឹងក្រុមហ៊ុនធំៗរបស់អឺរ៉ុប ចំនួនជាង៦០០ក្រុមហ៊ុននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ដោយបង្ហាញថា ក្រុមហ៊ុនចំនួន១៧៦បានចុះខ្សោយនៃទ្រព្យសកម្ម ការគិតថ្លៃទាក់ទងនឹងការប្តូរប្រាក់បរទេស និងការចំណាយផ្សេងទៀតដែលជាលទ្ធផល នៃការលក់ ការបិទ ឬកាត់បន្ថយអាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។

តួលេខសរុបនេះមិនរាប់បញ្ចូលផលប៉ះពាល់ ដោយម៉ាក្រូសេដ្ឋកិច្ចដោយប្រយោលពីជម្លោះអ៊ុយក្រែន ដូចជាតម្លៃថាមពល និងបញ្ហាអតិផរណានោះទេ ដោយបន្ថែមថា ស្ថានភាពនេះបានបង្កើនប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនថាមពល និងការពារជាតិទៅវិញ។

យោងតាមការស្ទាបស្ទង់លើកនេះបានបង្ហាញដែរថា ផលប៉ះពាល់ដោយផ្ទាល់ចំនួន១៦ពាន់លានដុល្លារ កើតមានចំពោះក្រុមហ៊ុនឧស្សាហកម្ម ហើយក្រុមហ៊ុនផលិតរថយន្តបានទទួលរងការខាតបង់ចំនួន១៥ពាន់លានដុល្លារខណៈដែល ក្រុមហ៊ុនហិរញ្ញវត្ថុ រួមទាំងធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនវិនិយោគបានកត់ត្រាដល់ទៅជាង១៩ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី

To Top