បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukrey និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើប្រធានបទចំណង ទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្នាលើបញ្ហាអន្តរជាតិនានា។
ប្រភពដដែលបានសរសេរទៀតថាមន្ត្រីកំពូលទាំងពីរបានចង្អុលបង្ហាញរួមគ្នានូវសារៈសំខាន់នៃការបំពេញកិច្ចការងារជាដៃគូយុទ្ធសាស្ត្ររួមគ្នាឆ្ពោះទៅមុខទាំងតាមរយៈសកម្មភាពសេដ្ឋកិច្ចនិងសកម្មភាពយោធាផង។
ពួកគេក៏បានពិភាក្សាទៅលើបញ្ហាវិវឌ្ឍទៅ នៃតំបន់និងអន្តរជាតិជាពិសេសបញ្ហានៅស៊ូដង់ លីប៊ី និងនីហ្សៀ ព្រមទាំងលទ្ធផល នៃកិច្ចប្រជុំសម្រាប់ប្រទេសស៊ីរីកន្លងមកនិងក៏ដូចជាបញ្ហាទឹកដីប៉ាឡេស្ទីនផងដែរ។
ក្នុងនោះផងដែរភាគីទាំងពីរបានអះអាង នូវកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តការសម្របសម្រួល និងការពិគ្រោះយោបល់ក្នុងរយៈពេលខាងមុខ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់ផ្សេងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
