បរទេស ៖ យោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីរដ្ឋាភិបាលចិន កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping ទំនងជានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើង នៅក្នុងប្រទេសឥណ្ឌានោះឡើយ ។
យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា គណៈប្រតិភូចិន ដែលនឹងត្រូវចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១០ខែកញ្ញា ក្នុងទីក្រុងញូវដេលី នឹងត្រូវជំនួសអ្នកដឹកនាំវិញ ដោយលោកនាយករដ្ឋមន្ត្រីចិន Li Qiang ។
គួរឲ្យដឹងដែរថា មន្ត្រីរដ្ឋាភិបាលឥណ្ឌា មួយរូបបានអះអាង យើងបានទទួលព័ត៌មាន អំពីការផ្លាស់ប្តូរបស់ចិន ដោយក្នុងនោះលោកនាយករដ្ឋមន្ត្រីចិន នឹងដឹកនាំក្រុមគណៈប្រតិភូ ចូលរួមជំនួសឲ្យលោក Xi ។ ទោះបីជាយ៉ាងណាក្តីលោកមិន បានបញ្ជាក់លំអិតអំពីមូលហេតុ នៃការផ្លាស់ប្តូរនេះទេ។
គួរឲ្យដឹងដែរថាលោក Xi បានធ្វើដំណើរទៅបរទេសតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីការដកច្បាប់រឹតបន្តឹង Covid-19 ដ៏តឹងរឹងរបស់ប្រទេសចិន នៅចុងឆ្នាំ ២០២២ដោយក្នុងនោះ គាត់បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ក្នុងខែមីនានេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយលោកផ្ទាល់ បានចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូងកាលពីសប្តាហ៍មុន ៕
ប្រែសម្រួល៖ស៊ុនលី