ម៉ូស្គូ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែនេះ ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីលទ្ធភាព នៃការផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ ជាមួយនឹងអាវុធបន្ថែមទៀត សម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធាផ្សេងទៀត នេះបើតាមកាសែត The New York Times ។
មន្ត្រីបាននិឲ្យដឹងថា លោក គីម ជុងអ៊ុន ដែលកម្រធ្វើដំណើរទៅក្រៅប្រទេសរបស់លោកនឹងធ្វើដំណើរពីក្រុងព្យុងយ៉ាង ប្រហែលជាតាមរថភ្លើងពាសដែកទៅទីក្រុងវ្លាឌីស្ដុក សម្រាប់ការប្រជុំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
មេដឹកនាំទាំងពីរនឹងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុងវ្លាឌីស្ដុក ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី១៣ ខែកញ្ញា។ លោក គីម ជុងអ៊ុន ក៏មានគម្រោងទៅទស្សនា Pier 33 ជាកន្លែងដែលកប៉ាល់កងទ័ពជើងទឹកមកពីកងនាវាចរប៉ាស៊ីហ្វិកចូលចតរបស់រុស្ស៊ី។
មន្ត្រីត្រូវបានគេលើកឡើងថា លោកពូទីនចង់ឱ្យលោក គីម យល់ព្រមបញ្ជូនកាំភ្លើងធំ និងកាំជ្រួចប្រឆាំងរថក្រោះ ខណៈដែលលោក គីម ចង់ឱ្យរុស្ស៊ីផ្តល់ឱ្យកូរ៉េខាងជើង នូវបច្ចេកវិទ្យាទំនើបៗ ផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ លោក គីម ក៏ចង់បានជំនួយស្បៀងអាហារ សម្រាប់ប្រទេសរបស់លោកផងដែរ។
យោងតាមរបាយការណ៍បានឱ្យដឹងថា គំនិតសម្រាប់ដំណើរទស្សនកិច្ចនេះបានលេចចេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើដំណើរកាលពីខែកក្កដាទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីរំលឹកខួបលើកទី៧០ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងសង្គ្រាមកូរ៉េ។
របាយការណ៍បាននិយាយថា កាលពីចុងខែសីហា គណៈប្រតិភូនៃមន្ត្រីកូរ៉េខាងជើងប្រហែល ២០នាក់ រួមទាំងមួយចំនួន ដែលមើលការខុសត្រូវលើពិធីសារសន្តិសុខ សម្រាប់ថ្នាក់ដឹកនាំបានធ្វើដំណើរតាមរថភ្លើងពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក បន្ទាប់មកបានហោះហើរទៅកាន់ទីក្រុងមូស្គូ ក្នុងដំណើរកម្សាន្ត ដែលគេជឿថា ជាសមយុទ្ធរៀបចំផែនការឆ្ពោះទៅមុខ៕ ប្រែសម្រួល ឈូក បូរ៉ា