ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ប្រារព្ធពិធីព្យុហយាត្រាយោធា ក្នុងពេលរំលឹកខួបលើកទី៧៥ នៃការបង្កើតប្រទេស

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីព្យុហយាត្រាយោធា និងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីអបអរសាទរខួបលើកទី៧៥នៃការបង្កើតប្រទេសមួយនេះ ។

គេបានដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីដង្ហែរក្បួននៅទីលាន Kim Il Sung ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយមានវត្តមានលោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង ចូលរួម ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សព្វផ្សាយដូច្នេះ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា សមាជិកនៃក្រុមតន្ត្រីសិក្សា និងរបាំ នៃកងទ័ពរុស្ស៊ី បេសកជនការទូតរបស់ប្រទេសចិន និងរុស្ស៊ី នៅទីក្រុងព្យុងយ៉ាង ស្ថិតក្នុងបញ្ជីជាភ្ញៀវ ហើយកិច្ចប្រជុំថ្នាក់ជាតិដើម្បីប្រារព្ធខួបលើកទី៧៥របស់ប្រទេសនេះត្រូវបានធ្វើឡើងនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ ។

លោក Kim Tok Hun នាយករដ្ឋមន្ត្រីនៃខុទ្ទកាល័យកូរ៉េខាងជើង បានរំលឹកពីដំណើរប្រវត្តិសាស្ត្រ នៃការបង្កើត និងការអភិវឌ្ឍន៍របស់កូរ៉េខាងជើង នៅក្នុងរបាយការណ៍ដែលថ្លែងទៅកាន់កិច្ចប្រជុំថ្នាក់ជាតិ ។ លោកបានសង្កត់ធ្ងន់លើឆន្ទៈរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការ “ពង្រឹងអំណាចរបស់ប្រជាជនបន្ថែមទៀត និងពង្រឹងអំណាចជាតិទាំងមូល” ហើយបានស្នើឱ្យជនស៊ីវិល និងបុគ្គលិកយោធាទាំងអស់រួមគ្នាកសាងប្រទេសដែលមានវិបុលភាព និងអំណាចស្ថិតក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចរបស់ប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top