គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមួយចំនួន នៃសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នានៅទីក្រុងគៀវ សម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេ នៅខាងក្រៅប្លុកនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅពេលបើកការជួបជុំក្រៅផ្លូវការថា “ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងបង្កើនល្បឿននៃការ ធ្វើសមាហរណកម្មអឺរ៉ុប របស់អ៊ុយក្រែន” ។
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការ អនុវត្តអនុសាសន៍ចំនួន៧ របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមការចរចា ស្តីពីសមាជិកភាពនៅឆ្នាំនេះ ដោយអរគុណសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយ សម្រាប់អ៊ុយក្រែន។
លោកបានសម្តែងក្តីសង្ឃឹមថា ប្លុកនេះនឹងអនុម័តលើឧបករណ៍ហិរញ្ញវត្ថុថ្មី ដែលមានថវិកាសរុបចំនួន ៥០ពាន់លានអឺរ៉ូ (ប្រហែល ៥២,៣៧ ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលឆ្នាំ២០២៤-២០២៧ ដោយអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេស បន្តការងារការទូតលើការអនុវត្តរូបមន្ត សន្តិភាពរបស់អ៊ុយក្រែន។
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានឲ្យដឹងថា ជំនួយសរុបរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន បានកើនឡើងដល់ ៨៥ ពាន់លានអឺរ៉ូ (ប្រហែល ៨៩ ពាន់លានដុល្លារអាមេរិក) ហើយសហភាពអឺរ៉ុប នឹងគាំទ្រប្រទេសនេះឱ្យបានយូរតាមការចាំបាច់។
លោក Borrell បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយលោក Kuleba ថា “ខ្ញុំបានស្នើជំនួយទ្វេភាគីថ្មី ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) រហូតដល់ ៥ពាន់លានអឺរ៉ូ (ប្រហែល ៥,២៤ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយ ហើយច្រើនទៀតនឹងមកដល់បន្ទាប់ពីកិច្ចប្រជុំ”៕
ប្រែសម្រួល ឈូក បូរ៉ា