ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល រកឃើញសាកសពយុទ្ធជនហាម៉ាស ១.៥០០នាក់ ក្នុងទឹកដីរបស់អ៊ីស្រាអែល

រូបភាពពី៖​ AFP

បរទេស៖ អ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយនៅតំបន់ហ្គាហ្សាស្ទ្រីប ពេញមួយយប់ ដែលមានរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Bejamin Netanyahu បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល “ទើបតែចាប់ផ្តើម” ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Richard Hecht បាននិយាយថា សាកសពរបស់យុទ្ធជនហាម៉ាស់ ១.៥០០នាក់ ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែល បន្ទាប់ពីការលុកលុយរបស់ពួកគេកាលពីថ្ងៃសៅរ៍ ហើយថា គ្មានក្រុមសកម្មប្រយុទ្ធណាម្នាក់បានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែលឡើយ ចាប់តាំងពីថ្ងៃចន្ទមក។

គោលដៅនៃការវាយប្រហារតាមអាកាសចុងក្រោយនេះ រួមមានសង្កាត់ Rimal ក្នុងទីក្រុង Gaza ដែលជាបណ្តុំរបស់ក្រសួង និងអគាររដ្ឋាភិបាលជាច្រើនរបស់ហាម៉ាស។

លោក Netanyahu បាននិយាយក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃចន្ទថា៖ «អ្វីដែលយើងនឹងធ្វើចំពោះសត្រូវរបស់យើងនៅប៉ុន្មានថ្ងៃខាងមុខនឹងមានប្រតិកម្មជាមួយពួកគេជាច្រើនជំនាន់»។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចល័តអ្នកបម្រុងចំនួន ៣០០.០០០ នាក់ មុនពេល “បន្តការវាយលុក” ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ដោយក្រុមហាម៉ាសចូលទៅក្នុងតំបន់នៃប្រទេសអ៊ីស្រាអែលតាមបណ្ដោយ Gaza Strip ៕
ប្រែសម្រួលៈ ណៃ តុលា

To Top