បរទេស៖ អ្នកជំនួញជនជាតិរុស្សី លោក Aleksey Kuzmichev ត្រូវបានឃុំខ្លួន ដើម្បីសាកសួរនៅប្រទេសបារាំង ជុំវិញការចោទប្រកាន់ពីការគេចពន្ធ និងការលាងលុយកខ្វក់ ក៏ដូចជាការបំពានទណ្ឌកម្មអន្តរជាតិ។ នេះបើតាមរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបារាំង ដែលបានដកស្រង់ពីការិយាល័យ រដ្ឋអាជ្ញាហិរញ្ញវត្ថុបារាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាហិរញ្ញវត្ថុ បានបញ្ជាក់ពីរបាយការណ៍មួយ ដោយកាសែតបារាំងឈ្មោះ Le Monde ដែលបានអះអាងថា លោក Kuzmichev ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ហើយប្រតិបត្តិការស្វែងរក បានធ្វើឡើងនៅផ្ទះរបស់លោកក្នុងទីក្រុងប៉ារីស និងទីតាំងផ្សេងទៀតដែល ជាផ្នែកមួយនៃការស៊ើបអង្កេត។
យោងតាមសារព័ត៌មាន Reuters គិតត្រឹមថ្ងៃអង្គារនេះ មហាសេដ្ឋីរុស្ស៊ីរូបនេះកំពុងជាប់ឃុំនៅឡើយ ប៉ុន្តែមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃអង្គារថា រុស្ស៊ីនឹងអាចការពារសិទ្ធិរបស់លោក Kuzmichev នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉ារីស ផ្តល់ព័ត៌មានលម្អិតអំពីករណីរបស់ លោកតាមរយៈបណ្តាញការទូត ហើយប្រសិនបើអ្នកជំនួញបង្ហាញ បំណងចង់ធ្វើជាតំណាងដោយទីក្រុងម៉ូស្គូ ។
លោក Kuzmitchev ដែលធ្លាប់ជាម្ចាស់ភាគហ៊ុន សំខាន់ម្នាក់របស់ធនាគារ Alfa Bank របស់រុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប និងដាក់ក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិក ជុំវិញការជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។ ប្រជាជនរុស្ស៊ីដែលមានទ្រព្យសម្បត្តិ ជាច្រើនទៀតប្រឈមមុខនឹង ការធ្វើទុក្ខបុកម្នេញដែលស្រដៀងគ្នានេះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា