ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន កើនឡើងដល់ ១០,៣២៨នាក់នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ AFP

ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់ ១០,៣២៨នាក់ ខណៈដែលការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើទឹកដីនេះបានឈានចូលដល់ខែទីពីរជាប់ៗគ្នានេះ។

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅទីក្រុងហ្គាហ្សា ថាក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតមានកុមារចំនួន ៤,២៣៧នាក់ ស្ត្រី ២,៧១៩នាក់ និងមនុស្សចាស់ចំនួន ៦៣១នាក់ បន្ថែមពីលើការរងរបួសជាង ២៥,០០០នាក់។

លោក Al-Qedra បានគូសបញ្ជាក់ពីការកំណត់គោលដៅរបស់អ៊ីស្រាអែល ចំពោះបរិក្ខារពេទ្យ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់សកម្មភាពរបស់សហគមន៍អន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីផ្តល់ការការពារដល់មន្ទីរពេទ្យ។

លោកបានចង្អុលបង្ហាញពីការគម្រាមកំហែងរបស់យោធាអ៊ីស្រាអែល ក្នុងការវាយប្រហារទៅលើមន្ទីរពេទ្យឯកទេស al-Rantisi នៅភាគខាងជើងហ្គាហ្សា ដោយព្រមានថា វាអាចនាំឱ្យមានគ្រោះមហន្តរាយដ៏ធំចាប់តាំងពីវាមានផ្ទះកុមារជាង ៧០នាក់ដែលបានទទួលការព្យាបាលសង្គ្រោះជីវិតនៅខាងក្នុង។

ជាងនេះទៅទៀត អ្នកនាំពាក្យបានអំពាវនាវឱ្យមានការបង្កើតច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាព ដើម្បីធានាលំហូរ នៃជំនួយផ្នែកវេជ្ជសាស្រ្ត និងប្រេងឥន្ធនៈ ជម្លៀសអ្នករបួសទៅទទួលការព្យាបាលនៅខាងក្រៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យគណៈប្រតិភូពេទ្យឯកទេសចូលទឹកដី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top