ហ្គាហ្សា ស្ទ្រីប៖ ការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារនៅជិតមន្ទីរពេទ្យជាច្រើនក្នុងទីក្រុង ហ្គាហ្សា កាលពីព្រឹកថ្ងៃសុក្រ ខណៈដែលយោធាបានរុកចូលទៅ ក្នុងសង្កាត់នៅក្នុងទីក្រុងនៅ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលជំរុញឱ្យចំនួនជនស៊ីវិលកើនឡើងដើម្បីភៀសខ្លួន ចេញទៅកាន់ភាគខាងត្បូងនៃទឹកដីដែលត្រូវបានឡោមព័ទ្ធដោយកងទ័ព ។
អ៊ីស្រាអ៊ែល បានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាស់ យ៉ាងដូច្នេះថា បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ និងប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជាដ៏សំខាន់របស់ខ្លួន ដែលក្រុមសកម្មប្រយុទ្ធ និងបុគ្គលិកមន្ទីរពេទ្យបានបដិសេធ ដោយនិយាយថា អ៊ីស្រាអ៊ែលកំពុងបង្កើតលេសដើម្បីវាយប្រហារមកលើមន្ទីរពេទ្យ ។
លោកនាយកមន្ទីរពេទ្យបានឲ្យដឹងថា ការកើនឡើងនៃចំនួនប្រជាជនបាន និងកំពុងរស់នៅក្នុង និងជុំវិញមន្ទីរពេទ្យ Shifa ដែលជាកន្លែងដ៏ធំបំផុតរបស់ហ្គាហ្សា ដោយសង្ឃឹមថា វានឹងមានសុវត្ថិភាពជាងនៅផ្ទះរបស់ពួកគេ ឬជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងជើង ដែលភាគច្រើនត្រូវបានវាយប្រហារម្តងហើយម្តងទៀត ។ ទាហានអ៊ីស្រាអ៊ែលស្ថិតនៅចម្ងាយប្រហែល៣គីឡូម៉ែត្រប៉ុណ្ណោះពីមន្ទីរពេទ្យ ។
នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអ៊ែល បានវាយលុកទីធ្លា Shifa និងផ្នែកសម្ភព ។ នេះបើយោងតាមការលើកឡើងរបស់លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅទីក្រុងហ្គាហ្សា ។
ខ្សែវីដេអូមួយនៅកន្លែងកើតហេតុបានថតសំឡេងនៃភ្លើងដែលកំពុងឆេះធ្វើឱ្យមនុស្សភ្ញាក់នៅក្នុងជម្រកបណ្តោះអាសន្នរបស់ពួកគេនៅក្នុងទីធ្លាបន្ទាប់មកមានការស្រែកឱ្យរថយន្តសង្គ្រោះបន្ទាន់ឲ្យជួយ ។
លោក Maarouf បានប្រាប់ដល់បណ្តាញទូរទស្សន៍ Al Jazeera ថា ការវាយប្រហារត្រូវបានធ្វើឡើងនៅជិតមន្ទីរពេទ្យចំនួន៣កន្លែង ប៉ុន្តែមិនបានផ្តល់តួលេខអ្នកស្លាប់នោះទេ ។ ក្រសួងសុខាភិបាលនៅតំបន់ Hamas គ្រប់គ្រងនៅ Gaza បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងមន្ទីរពេទ្យ Shifa និងជាច្រើននាក់ទៀតបានរងរបួស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
