ព័ត៌មានអន្តរជាតិ

UN៖ ទូកចំនួន៣គ្រឿង ដឹកជនភៀសខ្លួន រ៉ូហ៊ីងយ៉ាប្រមាណជាង ៥០០នាក់ ចូលចតនៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី

AFP

BIREUEN៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទូកចំនួន៣គ្រឿងដែលបានដឹក ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាលើសពី៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុត របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះនៅក្នុងការមកដល់ដ៏ធំបំផុតមួយ ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមការបង្ក្រាបដោយយោធា មកលើក្រុមជនជាតិភាគតិចនៅក្នុងឆ្នាំ២០១៧ ។

គេបានដឹងថា ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបាន គេធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរាប់ពាន់នាក់ប្រថុយជីវិតរបស់ពួកគេ ជារៀងរាល់ឆ្នាំក្នុងការធ្វើដំណើរ តាមដែនសមុទ្រដ៏វែងឆ្ងាយ និងមានតម្លៃថ្លៃបំផុត ដែលជាញឹកញាប់ជិះទូកមិនច្បាស់លាស់ ដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ។

លោក Faisal Rahman សហការីការពារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ទូក១គ្រឿងបានមកដល់ស្រុក Bireuen នៃខេត្ត Aceh ដោយមានមនុស្សចំនួន ២៥៦នាក់នៅលើទូកនោះ ខណៈយ៉ាងហោចណាស់មានមនុស្សចំនួន ២៣៩នាក់ផ្សេងទៀត បានមកដល់តំបន់ Pidie របស់ខេត្ត Aceh ហើយទូកតូច១គ្រឿងទៀត ដែលផ្ទុកមនុស្សចំនួន ៣៦នាក់បានទៅដល់ខេត្ត East Aceh ។

លោក Rahman បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា “ពួកគេត្រូវបានគេរកឃើញនៅកន្លែងជាច្រើន” ។

គាត់បានលើកឡើងថា នៅក្នុងចំណោមមនុស្សចំនួន ២៥៦នាក់នៅលើទូក Bireuen មានចំនួន១១០នាក់ជាស្ត្រី និងចំនួន៦០នាក់ជាកុមារ ។

លោកបានបញ្ជាក់ទៀតថា វាជាទូកតែមួយគត់ដែលអ្នកស្រុកបានបញ្ជូន ត្រឡប់ទៅសមុទ្រវិញកាលពីថ្ងៃព្រហស្បតិ៍ ដោយទុកវាចោលនៅឆ្នេរសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top