បរទេស៖ សមាជិកសភាបក្សភឿថៃម្នាក់នៃគណៈកម្មាធិការសភា ស្តីពីច្បាប់លើកលែងទោស បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងព្យាយាមពន្លឿនការអនុម័តច្បាប់លើកលែងទោស ដើម្បីផ្តល់ផលប្រយោជន៍ដល់យុវជន មិនមែនអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានោះទេ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាក្នុងបញ្ជីឈ្មោះ គឺលោក Cherdchai Tantisirin បាននិយាយថា លោកនឹងស្នើនៅក្នុងកិច្ចប្រជុំរបស់គណបក្សភឿថៃថា សមាជិកសភាបក្សបានបញ្ជូនសេចក្តីព្រាងច្បាប់លើកលែងទោសយ៉ាងឆាប់រហ័ស ដើម្បីជួយយុវជនទាំងនោះដែលត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ។
លោកបានបដិសេធថា គោលបំណងនេះ គឺគ្មានបំណងដើម្បីជួយលោក ថាក់ស៊ីន ដែលប្រឈមនឹងការកាត់ទោសតាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថា ជាច្បាប់ប្រមាថ នោះទេ។ កូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra ជាមេដឹកនាំបក្សភឿថៃ។
លោកបណ្ឌិត Cherdchai បាននិយាយថា «យើងខ្វល់ខ្វាយពីយុវជន, យុវជនជំនាន់ថ្មីដែលជាប់គុក ហើយពួកគេមួយចំនួនបានស្លាប់ យើងត្រូវប្រញាប់ជួយយុវជនយើង។ ការយល់ឃើញខុសគ្នាគួរតែទទួលស្គាល់ ប៉ុន្តែមិនគួរអភិវឌ្ឍទៅជាជម្លោះដោយចំហនោះទេ។
លោកបាននិយាយទៀតថា “យុវជនជាច្រើនប្រឈមមុខនឹងការកាត់ទោសតាមមាត្រា ១១២ ។ ពួកគេនឹងត្រូវបានដោះលែង ដូច្នេះពួកគេអាចសិក្សា និងរស់នៅជាធម្មតា” ។ លោកបន្ថែមថា អ្នកដែលត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ គួរតែត្រូវបានលើកលែងទោស ហើយជនសង្ស័យគួរតែរួចពីការកាត់ទោស៕ ប្រែសម្រួលៈ ណៃ តុលា