ព័ត៌មានអន្តរជាតិ

Update៖ ស៊ីរី ព្រមានថា ការវាយប្រហារ ដោយមីស៊ីល របស់អ៊ីស្រាអ៊ែល មកលើក្រុងដាម៉ាស់ បង្កផលប៉ះពាល់ធ្ងន់ធ្ងរ

Xinhua

ដាម៉ាស់៖ កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស និង ជនបរទេសស៊ីរី បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែល មកលើទឹកដីស៊ីរី អាចនាំឱ្យមានផលវិបាក ដែលមិនអាចគ្រប់គ្រងបាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយប៉ុន្មានម៉ោង ក្រោយពីការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ទៅលើសង្កាត់លំនៅដ្ឋានមួយកន្លែង នៅរដ្ឋធានីដាម៉ាស់ និងទីតាំងយោធារបស់ប្រទេសស៊ីរី ។ ក្រសួងបានបញ្ជាក់ជាថ្មី អំពីសិទ្ធិស្របច្បាប់ របស់ប្រទេសស៊ីរីក្នុងការការពារអធិបតេយ្យភាព របស់ខ្លួន និងរំដោះទឹកដី ដែលកាន់កាប់របស់ខ្លួន តាមរយៈគ្រប់មធ្យោបាយស្របច្បាប់ ដែលធានាដោយច្បាប់អន្តរជាតិ ។

ក្រសួងខាងលើបានព្រមានប្រឆាំងនឹងការកើនឡើង នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើទឹកដីស៊ីរី ដោយបានបញ្ជាក់ឲ្យដឹងទៀតថា ភាពស្ងៀមស្ងាត់ជាអន្តរជាតិ ទាក់ទង នឹងការវាយប្រហារបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព នៃប្រព័ន្ធអន្តរជាតិក្នុងការប្រឈមមុខ នឹងការរំលោភលើធម្មនុញ្ញ និងច្បាប់អន្តរជាតិរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top