ព័ត៌មានអន្តរជាតិ

កងទ័ពស៊ូដង់ អះអាងថា ទាហានប៉ារ៉ាជាង ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងកាធុម

Xinhua

កាធុម ៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានឲ្យដឹងថា យុទ្ធជនជាង ១០០នាក់ មកពីកងកម្លាំងគាំទ្ររហ័សរហួន (RSF) ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងប្រតិបត្តិការនៅ ក្នុងរដ្ឋធានីកាធុម កាលពីថ្ងៃសៅរ៍។

SAF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីម្សិលមិញ កងកម្លាំងរបស់យើង បានធ្វើប្រតិបត្តិការប្រកប ដោយគុណភាពជាច្រើន នៅក្នុងរដ្ឋធានី” ក្នុងអំឡុងពេលនោះរថយន្តប្រយុទ្ធ RSF មួយចំនួនក៏ត្រូវបានបំផ្លាញផងដែរ។

ប្រទេសស៊ូដង់បានជាប់គាំងនៅក្នុងជម្លោះដ៏សាហាវ រវាងកងកម្លាំង SAF និង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ១៦,៦៥០នាក់ នេះបើយោងតាមការ ធ្វើបច្ចុប្បន្នភាពពីការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌កាលពីខែមុន។

មនុស្សជាង ៧,៧លាននាក់ត្រូវបានផ្លាស់ទី លំនៅខាងក្នុងប្រទេសស៊ូដង់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ ខណៈដែលប្រហែល ២,២លាននាក់ផ្សេងទៀតបានឆ្លងព្រំដែន ចូលទៅក្នុងប្រទេសជិតខាង នេះបើយោងតាមតួលេខដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ដោយអង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក របស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top