បរទេស៖ សារព័ត៌មាន The New York Times (NYT) បានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានបញ្ជាឱ្យធ្វើការវាយប្រហារដោយផ្ទាល់លើប្រទេសអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់ប្រមុខនយោបាយរបស់ក្រុមហាម៉ាស់ Ismail Haniyeh នៅក្នុងទីក្រុង តេហេរ៉ង់ កាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន RT ចេញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់កាសែត The New York Times ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់បីនាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក Khamenei បានផ្តល់ការណែនាំនេះ បន្ទាប់ពីបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ សម្រាប់កិច្ចប្រជុំបន្ទាន់មួយកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ។
លោក Haniyeh បានស្ថិតនៅក្នុងរដ្ឋធានីអ៊ីរ៉ង់សម្រាប់ពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៊ីរ៉ង់លោក Masoud Pezeshkian នៅពេលដែលកាំជ្រួចបានវាយប្រហារកន្លែងស្នាក់នៅរបស់គាត់កាលពីថ្ងៃពុធ ដោយបានសម្លាប់គាត់ និងអង្គរក្សម្នាក់របស់គាត់។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “យើងចាត់ទុកវាជាកាតព្វកិច្ចរបស់យើងក្នុងការសងសឹក” ។ លោក Khamenei បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយប្រហារលើលោក Haniyeh ខណៈដែលគាត់ជា “ភ្ញៀវជាទីស្រឡាញ់នៅក្នុងផ្ទះរបស់យើង” ។
សូមរំលឹកថា អ៊ីស្រាអែលបានប្តេជ្ញាដក (កម្ចាត់)លោក Haniyeh និងឥស្សរជនផ្សេងទៀតនៅក្នុងការដឹកនាំក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងមនុស្សជាង ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក យុទ្ធនាការយោធារបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៩.០០០នាក់ នៅក្នុងរង្វង់ដែលឡោមព័ទ្ធ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ ដែលបណ្តាលឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា