បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិរុស្សី បាននិយាយថា កងកម្លាំងអ៊ុយក្រែន ដែលមានចំនួនទាហាន ៣០០ នាក់ និងរថពាសដែកចំនួន ៣០គ្រឿង បានព្យាយាមឆ្លងចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
បើតាមក្រសួង បានឲ្យដឹងថា ពាក់កណ្តាល នៃគ្រឿងសឹកសត្រូវ ត្រូវបានបំផ្លាញរហូតមកដល់ពេល នេះ ។ ក្រសួង ការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើង នៅព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុកនៅក្នុងតំបន់ Nikolayevo-Daryino និង Oleshnya តាមបណ្តោយព្រំដែនរុស្ស៊ី-អ៊ុយក្រែន។
កងកម្លាំងអ៊ុយក្រែនបានបើកការ វាយប្រហារដោយកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក មុនពេលវាយប្រហារជាមួយ ទាហានរហូតដល់ ៣០០ នាក់នៃកងពលតូចមេកានិចទី ២២ គាំទ្រដោយរថក្រោះ ១១ គ្រឿង និងរថពាសដែក ២០ គ្រឿងផ្សេងទៀត។
យោងតាមរដ្ឋបាលទីក្រុងមូស្គូបានឱ្យដឹងថា ជាលទ្ធផលនៃការវាយប្រហារ តាមអាកាសរបស់រុស្សីវិញនិងតាមរយៈកាំភ្លើងធំ ផងកងកម្លាំងអ៊ុយក្រែនបានបាត់បង់រថក្រោះចំនួន ៦ គ្រឿង រថយន្តប្រយុទ្ធថ្មើរជើងចំនួន ២ គ្រឿង រថពាសដែកចំនួន ៤ គ្រឿង រថពាសដែកចំនួន ៣ និងរថយន្តវិស្វកម្មបោស សម្អាតមីនមួយគ្រឿង៕
ប្រែសម្រួល៖ស៊ុនលី