តូក្យូ៖ ប្រទេសជប៉ុនបានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” ជុំវិញការលុកលុយរបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ដោយជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៅក្នុងជម្លោះ។
អ្នកនាំពាក្យរដ្ឋាភិបាលកំពូល លោក Yoshimasa Hayashi បានឧ្យដឹងថា ប្រទេសជប៉ុន អំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ដោយសង្កត់ធ្ងន់ថា រាល់វិធានការដែលអាចកើតមាន ត្រូវតែចាត់វិធានការ ដើម្បីទប់ស្កាត់ការស្លាប់ និងរបួសរបស់ជនស៊ីវិល និងជំរុញឱ្យភាគីពាក់ព័ន្ធ បន្តដំណោះស្រាយការទូត។
នៅក្នុងនោះដែរអនុប្រធានក្រុមហេសបូឡាលោក Sheikh Naim Qassem បានឧ្យដឹងថា ក្រុមហេសបូឡា នឹងបន្តការពារប្រទេសលីបង់ និងគាំទ្រតំបន់ហ្គាហ្សា បើទោះបីជាបាត់បង់អគ្គលេខាធិការរបស់ខ្លួន លោក ហាសាន់ ណាសរ៉ាឡាហ៍ និងមេបញ្ជាការជាច្រើននាក់ក៏ដោយ បាននិយាយកាលពីថ្ងៃចន្ទ។
ជាមួយគ្នានេះដែរអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃចន្ទពីការសម្លាប់លោក Fateh Sherif មេដឹកនាំក្រុមហាម៉ាស់ ក្នុងប្រទេសលីបង់ អំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។
សេចក្តីថ្លែងការណ៍រួមរបស់យោធាអ៊ីស្រាអែល និង Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បានបង្ហាញថា កងកម្លាំងអាកាសអ៊ីស្រាអែលបានកំណត់គោលដៅលើលោក Sherif ដោយលើកឡើងពីតួនាទីរបស់លោក ក្នុងការសម្របសម្រួលសកម្មភាពយោធា និងនយោបាយរបស់ក្រុមហាម៉ាស់ នៅក្នុងប្រទេសលីបង់ រួមទាំងការជ្រើសរើស ការទិញអាវុធ និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមក្នុងតំបន់។ សេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីការចូលរួមរបស់លោក Sherif ក្នុងការសម្របសម្រួលជាមួយក្រុមហេសបូឡា។
យោងតាមប្រភពយោធាលីបង់ លោក Sherif ត្រូវបានសម្លាប់ជាមួយប្រពន្ធ និងកូនប្រុសពីរនាក់ក្នុងអំឡុងពេលការវាយប្រហារលើផ្ទះរបស់ពួកគេនៅក្នុងជំរុំ Rashidieh កាលពីព្រឹកថ្ងៃចន្ទ។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថា ប្រតិបត្តិការនេះបានកំណត់គោលដៅដំបូងនៃជំរុំចាប់តាំងពីការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានសម្តែងថា លោក Sherif បានចូលរួមជាមួយ “មេដឹកនាំ និងទុក្ករបុគ្គល ដែលនាំមុខលោក” ដោយគោរពការប្តេជ្ញាចិត្តរបស់លោក ចំពោះបុព្វហេតុប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា