ដូហា៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសពីការផ្អាកជើងហោះហើរទៅ និងមកពីប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និងលីបង់ រួមជាមួយនឹងការកែសម្រួល ប្រតិបត្តិការ សម្រាប់ការហោះហើរ ទៅកាន់ប្រទេសហ្សកដានីផងដែរ ។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ បានកត់សម្គាល់ថា “ដោយសារតែស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានផ្អាកជើងហោះហើរទៅ និងមកពីប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និងលីបង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងបន្ថែមទៀត” ។
លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ដដែលនេះបានឲ្យដឹងថា ជើងហោះហើរទៅកាន់រដ្ឋធានីអាំងម៉ាន់ របស់ប្រទេសហ្ស៊កដានី នឹងដំណើរការ “ក្នុងអំឡុងពេលថ្ងៃតែប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីជម្លោះក្នុងតំបន់កាន់តែកើនឡើង ដោយអ៊ីស្រាអ៊ែល ធ្វើការវាយប្រហារនៅតំបន់ហ្គាហ្សា និងលីបង់ ហើយបានសន្យាសងសឹក ចំពោះការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា